(ភ្នំពេញ)៖ មហាជនទូទៅបានដឹងច្បាស់ណាស់ថា បុគ្គលបរាជ័យដ៏ឯកាឈ្មោះ សម រង្ស៊ី ដែលជាប់ពូជសណ្តានក្បត់ជាតិដល់ទៅ ៣ជំនាន់ មួយថ្ងៃៗគ្មានបានធ្វើអ្វីជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាល់តែសោះ មានតែការប្រឆាំងយ៉ាងងប់ងល់ បំផ្លើសការពិតគ្រប់បែបយ៉ាង និងញុះញង់ដោយអគតិចំពោះថ្នាក់ដឹកនាំជាតិ ក្នុងគំនិតប៉ុនប៉ងបំផ្លាញសេចក្តីសុខសាន្ត និងបន្ទុចបង្អាក់ការទទួលផលពីវឌ្ឍនភាពសង្គម របស់ប្រជាពលរដ្ឋ។

ថ្មីៗនេះបុគ្គល សម រង្ស៊ី បានបង្ហាញក្រយ៉ៅក្បត់ជាតិយ៉ាងច្បាស់ក្រឡែតថែមទៀត តាមរយៈការបង្ហោះសារតាមបណ្តាញសង្គម ប្រឆាំងនឹងគម្រោងព្រែកជីកហ្វ៊ូណន-តេជោ។ គម្រោងព្រែកជីកនេះ ជាគម្រោងអភិវឌ្ឍជាយុទ្ធសាស្ត្រដែលមានគុណប្រយោជន៍មហាសាល ដល់ខ្មែរច្រើនជំនាន់ទៅមុខ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរទូទៅ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងអ្នកមាននិន្នាការប្រឆាំង ក៏បានសាទរ និងគាំទ្រ ផងដែរ។ ផ្ទុយទៅវិញ ជនក្បត់ជាតិ សម រង្ស៊ី បែរជាចេញមុខមកប្រឆាំងយ៉ាងគួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ដោយសរសេរសារជាភាសាខ្មែរផង ភាសាអង់គ្លេសផង ភាសាបារាំងផង ដើម្បីប្រឹងផ្គាប់ចិត្តបរទេសដែលមាននិន្នាការរិះគន់គម្រោងព្រែកជីកហ្វ៊ូណន-តេជោនេះ ព្រមទាំងបានឆ្លៀតឱកាសយកករណីព្រែកជីកនេះ ទៅភ្ជាប់ជាមួយបញ្ហាមូលដ្ឋានកងទ័ពជើងទឹករាម ដែលរាជរដ្ឋាភិបាលតែងតែបានបញ្ជាក់ និងបង្ហាញតម្លាភាព ជាច្រើនលើកច្រើនសារណាស់មកហើយ អំពីភាពចាំបាច់សម្រាប់បម្រើគោលដៅការពារជាតិផ្នែកជើងទឹក មិនមែនសម្រាប់ធ្វើជាមូលដ្ឋានកងទ័ពបរទេសនោះទេ។ ទង្វើរបស់បុគ្គលនេះ ស្តែងឱ្យឃើញពីសណ្តាននិយមបម្រើបរទេសយ៉ាងដាច់ថ្លៃរបស់ខ្លួន ដោយប្រើនយោបាយប្រឆាំងជ្រុលនិយមបែបបំផ្លាញខ្មែរមកអនុវត្ត ក្បត់ទៅនឹងផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាទាំងស្រុង។

ដោយមើលឃើញនូវទង្វើពុតត្បុតដ៏ខ្មៅកខ្វក់របស់ សម រង្ស៊ី បែបនេះហើយ គួបផ្សំនឹងការយល់ច្បាស់ អំពីនយោបាយដឹកនាំបែបស្នេហាជាតិបម្រើឧត្តមប្រយោជន៍ជាតិ របស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ទើបអតីតសមាជិកនៃក្រុមប្រឆាំងដែលធ្លាប់តែស្និទ្ធនឹងបុគ្គលនេះ បានបន្តផ្តាច់ខ្លួន និងចូលមករួមរស់ជាមួយជាតិ និងប្រជាជនវិញ ជាបន្តបន្ទាប់។

មេឧបឃាត សម រង្ស៊ី នៅសល់តែភាពឯកា ភាពបរាជ័យ និងជាប់ឈ្មោះក្បត់ជាតិតជំនាន់តែប៉ុណ្ណោះ។

ការពិតពីមាតុភូមិ, ថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤