(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ បានផ្ទុះការប្រតិកម្ម និងខឹងសម្បាយ៉ាងខ្លាំងក្លា បន្ទាប់ពីលោក សម រង្ស៉ី ចេញសារប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ។ ពួកគេបានចាត់ទុកទង្វើរបស់លោក សម រង្ស៉ី ជាការសមគំនិតជាមួយបរទេស ហើយក្បត់ប្រយោជន៍របស់ជាតិខ្លួនឯង។

គម្រោងព្រែកជីកហ្វូណន-តេជោ ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់បណ្តាញ​ដឹក​ជញ្ជូនផ្លូវទឹករវាងទន្លេ និងសមុទ្រកម្ពុជា គឺជាគម្រោងមានគុណប្រយោជន៍​មហា​សាលសម្រាប់ខ្មែរ។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅ​ប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅ​ប្រទេស​​ក៏បានគាំទ្រផងដែរ។

ទោះបីយ៉ាងណាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានក្រុមអ្នក​សិក្សា​​ស្រាវ​ជ្រាវរបស់​វៀតណាមមួយចំនួន ចេញមកប្រឆាំង និងជំទាស់គម្រោង​នេះ ហើយ​ចោទប្រកាន់ថាគម្រោងនេះបម្រើប្រយោជន៍យោធារបស់ចិន។ ដើម​ឡើយ គេគិតថាមានតែវៀតណាមទេ ដែលប្រឆាំងគម្រោងនេះ ហើយ​ព្យា​យាម​លាប​​ពណ៌​ភ្ជាប់នឹងភូមិសាស្ត្រយោធារបស់ចិន ដើម្បីបន្ទច់​បង្អាក់គម្រោងនេះ ព្រោះ​វាធ្វើឱ្យ​បាត់​បង់ប្រយោជន៍សេដ្ឋកិច្ចរបស់គេ។

ស្រាប់តែ​នៅ​ព្រឹកព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ជារឿងដ៏គួរឱ្យភ្ញាក់​ផ្អើល​បំផុត អ្នកនយោបាយប្រឆាំងចាស់វស្សាមួយរូប គឺលោក សម រង្ស៉ី ដែល​កំពុ​ង​​រស់​នៅប្រទេសបារាំង គេចពី​សំណាញ់ច្បាប់របស់កម្ពុជា ក៏បានចេញមកជំទាស់​នឹង​គម្រោងនេះផងដែរ។ លោក សម រង្ស៉ី ក៏បានលាបពណ៌គម្រោងនេះ បម្រើឱ្យ​ប្រយោជន៍​យោធារបស់​ចិន ដូចទៅនឹងអ្នកសិក្សាស្រាវជ្រាវមួយចំនួនរបស់វៀត​ណាមផងដែរ។

សាររបស់លោក សម រង្ស៉ី ជំទាស់គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាទង្វើយក​សាំងដុតខ្លួនឯង ដោយធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានសម្តែងការខឹងសម្បា​យ៉ាង​ខ្លាំងក្លាជាមួយលោក សម រង្ស៉ី។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង។ លោកបានចាត់ទុកសារ​របស់លោក សម រង្ស៉ី គឺជារឿងដ៏ល្ងិតល្ងង់ ហើយក្បត់ទាំងស្រុងទៅនឹង​ផល​ប្រយោជន៍​ជាយុទ្ធសាស្ត្ររបស់ជាតិ។

«ខ្ញុំមិននឹកស្មានថា មកដល់សតវត្សរ៍ទី២១ទៅហើយ ក្នុងនាមជាអ្នកនយោ​បាយ​លេចធ្លោមួយរូបដែរ បែរជាមិនយល់ពីភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍​ជាយុទ្ធសាស្ត្ររបស់ជាតិ»។ លោក គិន ភា បានគូសបញ្ជាក់។

បញ្ញវន្តខ្មែររូបនេះបន្តថា «បើទោះបីជាសារនេះត្រូវសរសេរឡើងដើម្បីបំផ្លិចបំផ្លាញ​គម្រោងអភិវឌ្ឍន៍ជាតិរបស់គណបក្សកាន់អំណាចដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ឬត្រូវបានប្រើប្រាស់ដោយអ្នកជិតខាង ឬមហាអំណាចណាមួយក៏ដោយ តែការលើកឡើងបែបនេះជាអំពើដ៏ល្ងិតល្ងង់ និងក្បត់ទៅនឹងផលប្រយោជន៍ជាតិ​ទាំង​ស្រុង»

ពលរដ្ឋខ្មែរលេងបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក ក៏បានចេញមកប្រតិកម្ម​និងបង្ហាញការខឹងសម្បារបស់ពួកគេជាខ្លាំងទៅលើមេដឹកនាំអ្នកនយោបាយប្រឆាំងលោក សម រង្ស៉ី។

អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ «Chhang Vanna» បានលើកឡើងថា «សម រង្ស៉ី អាយ៉ងយួនយ៉ាងពិតប្រាកដ មិនបានគិតប្រយោជន៍ជាតិ»

ម្ចាស់គណនីហ្វេសប៊ុកម្នាក់ទៀតឈ្មោះ «Vor Veasna» បានសរសេរថា «ប្រឆាំងយូរៗទៅគ្មានគិតប្រយោជន៍ជាតិអ្វីបន្តិចសោះ។ មិនដូចអ្នកប្រឆាំងជិតខាងយើងសោះ។ បើខ្លួនចាស់ហើយ នៅឱ្យស្ងៀមទៅទុកឱ្យគេធ្វើ»

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Lyda Eng» បានសរសេរថា «គាត់ [សម រង្ស៉ី]ជាមនុស្សបំផ្លាញជាតិ ថ្នាក់ដឹកនាំខំកសាងជាតិ ដើម្បីប្រជាជនកម្ពុជា គាត់ខំបំផ្លាញ»

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Bun Narith» បានសរសេរថា «ឃើញកាន់តែច្បាស់ហើយ ចេញមកជំទាស់ទៅនឹងផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។ ខ្ញុំគាំទ្ររាជរដ្ឋាភិបាលលើគម្រោងមួយនេះ»

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Darit Touy» បានសរសេរថា «ព្រែកជីក ជាប្រយោជន៍បងប្អូនខ្មែរមួយប្រទេស ដើម្បីជួយសេដ្ឋកិច្ចជាតិ ព្រោះយើងត្រូវរស់ពឹងដង្ហើមខ្លួនឯងដក មិនពឹងដង្ហើមគេដកទៀតទេ។ បងប្អូនកសិករ ពេលផលិតដំណាំបាន តែប្រទេសជិតខាងបិទ គឺធ្លាក់ថ្លៃហើយ មានព្រែកជីក គឺមានទីផ្សារធំ គេលែងបិទបានទៀតហើយ»

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Hem Samey» បានសរសេរថា «នយោបាយជិតមួយជីវិតរបស់ សម រង្ស៉ី មិនដែលចង់ឱ្យប្រទេសខ្មែររីកចម្រើន ឬមានការអភិវឌ្ឍនោះទេ»

ក្រៅពីសារបានដកស្រង់មកបង្ហាញខាងលើនេះ នៅមានសារជាច្រើនទៀត បាន​ចេញ​មកប្រតិកម្ម និងថ្កោលទោសចំពោះការលើកឡើងរបស់លោក សម រង្ស៉ី។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោនេះ មិនត្រឹមតែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ដែលគាំទ្រ ក្នុងនោះប្រទេសឡាវ ដែលជាប្រទេសនៅផ្នែកខាងលើនៃដងទន្លេមេគង្គ ក៏បានគាំទ្រផងដែរ។

លោក ថងលុន ស៊ីសុលីត ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅនេះ បានប្រកាសគាំទ្រពេញទំហឹងទៅលើគម្រោងព្រែកជីកនេះ។

គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់​សមុទ្រ​​របស់កម្ពុជា ដោយ​ឆ្លង​កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១,៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ គឺជាផល​ប្រយោជន៍​សេដ្ឋ​​​កិច្ចសង្គមសុទ្ធសាធ ដែលជួយឱ្យកម្ពជាទិសនិរតីមាន​ផ្លូវទឹក​ដឹក​ជញ្ជូនទៅកាន់​សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។

សម្តេចតេជោបន្ថែមថា ព្រែកជីកនេះ ជួយឱ្យប្រជាជននៅតាមព្រែកនេះ​មានទឹកប្រើប្រាស់​សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។

សម្តេចតេជោក៏ធ្លាប់បានបញ្ជាក់ផងដែរថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹក​នៃទន្លេមេគង្គ​នោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និង ម្យ៉ាងទៀតមានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូល​ក្នុងសមុទ្រនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ន​ាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានអះអាងដែរថា គម្រោងព្រែកជីកនេះ មិនបម្រើដល់ភូមិសាស្ត្រយោធារបស់ចិននោះឡើយ។ បើតាមសម្តេចធិបតី បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេសលើទឹកដីកម្ពុជា ហើយបន្ថែមពីលើនោះ លក្ខណៈបច្ចេកទេសព្រែកជីក ដែលមានជម្រៅទឹកត្រឹម៤ ទៅ៥ម៉ែត្រ មិនអាចឱ្យនាវាទ័ពធ្វើចរាចរណ៍បាននោះឡើយ៕