(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទូចសុំឱ្យរួមគ្នាការពារផែនដី ប៉ុន្តែ ប្រសិនបើនៅតែនាំគ្នាធ្វើបាបផែនដី នោះមនុស្សជាតិនឹងក្លាយទៅជាទាសកររបស់ផែនដីនៅពេលអនាគត។

ការទទូចបែបនេះរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសលោកបានអញ្ជើញបើកសិក្ខាសាលាស្ដីពី «កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានៃការកសាងអរិយធម៌អេកូឡូស៊ីកម្ពុជា-ក្វាងស៊ី» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា, បណ្ឌិត្យសភាវិទ្យាសាស្ត្រ ខេត្តក្វាងស៊ី​ និងក្រុមហ៊ុន ជិនសាន ហាយធិច គ្រុបខូអិលធីឌី។

ទាសករផែនដីដែលលោកបណ្ឌិត សុខ ទូច លើកឡើងនេះគឺស្ថានភាពប្រែប្រួលអាកាសធាតុនៅលើពិភពលោក ខណៈដែលកម្ពុជា គឺជាប្រទេសដែលមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតទាប ក៏ប៉ុន្តែកម្ពុជា ក៏ដូចបណ្តាប្រទេសនានានៅលើពិភពលោកបានជួបប្រទះនូវការប្រែប្រួលអាកាសធាតុជាសកលនេះ។

លោកបណ្ឌិត សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា៖ «យើងធ្វើបាបផែនដី យើងគួរតែជួយផែនដី ឱ្យមានជីវិតឡើងវិញ មនុស្សរស់ដោយសារផែនដី បើសិនជាយើងមិននាំគ្នាថែទាំផែនដីទេ យើងនឹងក្លាយទៅជាទាសកររបស់ផែនដីនៅពេលខាងមុខនេះ កម្ពុជា មិនដែលទទួលនូវសីតុណ្ហភាពបែបនេះទេ ខ្ញុំអាយុ៦០ឆ្នាំហើយ ខ្ញុំអត់ដែលជួបប្រទះស្ថានភាពក្តៅបែបនេះទេ ទាំងអស់នេះហើយជាកង្វល់របស់អ្នកវិទ្យាសាស្ត្រ»

ជាមួយគ្នានេះដែរ លោកបណ្ឌិតក៏សំណូមពរដល់អ្នកវិទ្យាសាស្រ្តទាំងអស់ ចូលរួមជាគំនិតរួមគ្នា ធ្វើសកម្មភាពរួមគ្នា ដើម្បីពិភពលោកដ៏តូចមួយនេះ ហើយលោកជឿជាក់ថា វាគ្មិនទាំងអស់នឹងបន្តជួបពិភាក្សា វែកញែកដើម្បីផលប្រយោជន៍នៃសង្គមមនុស្ស ធម្មជាតិ បរិស្ថាន។

លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា៖ «អ្វីដែលកើតមានឡើង គឺកើតចេញពីមនុស្ស ព្រោះតែចង់មានចង់បានបង្ហាញទ្រព្យសម្បត្តិគ្នា បង្ហាញឡានគ្នា ប៉ុន្តែភ្លេចសំរាមដែលគរគប់របស់ខ្លួន»

លោកបណ្ឌិត សុខ ទូច បានបន្តថា អ្វីដែលមនុស្សបានបំផ្លាញធម្មជាតិ គឺតាមរយៈការប្រើប្រាស់អាវុធគីមីសាចពាសពេញនៅលើអាកាស តម្រូវរបស់មនុស្សខ្ពស់ហួសនិស្ស័យ ការធ្វើហើយមិនបង្កើតវិញ ការចោលសំរាមពាសវាលពាសកាល ជាពិសេសសំរាមដែលបោះចោលគ្មានសណ្ដាប់ធ្នាប់ត្រូវបានហូរចូលទន្លេ សមុទ្រ ដែលបង្កឱ្យមានការបំពុលទឹកធ្ងន់ធ្ងរ។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត សុខ ទុច បានលើកឡើងថា ក្រសួងបរិស្ថាន បានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។

យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មានយុទ្ធសាស្ត្រស្នូលផ្តោតលើមុំចំនួន០៣ រួមមាន៖ ពង្រឹងគោលនយោបាយ កសាងរដ្ឋបាលឌីជីថល និងពង្រីកការផ្សព្វផ្សាយដែលមុំទាំងបីនេះ ជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញបង្វិលយុទ្ធសាស្ត្របីផ្សេងទៀត ឱ្យដំណើរការដោយជោគជ័យគឺយុទ្ធសាស្ត្រទី១ ភាពស្អាតដែលផ្តោតលើមុំគ្រប់គ្រងការបំពុលធ្វើទំនើបកម្ម សមត្ថភាពវិនិច្ឆ័យការបំពុល និងលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន យុទ្ធសាស្ត្រទី២ ភាពបៃតងផ្តោតលើមុំពង្រីកចលនាដាំដើមឈើជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងយុទ្ធសាស្ត្រទី៣ ចីរភាពផ្តោតលើមុំធ្វើអនុលោមភាពពង្រីកសហប្រតិបត្តិការ និងពង្រឹងការសម្របសម្រួល។

នាពេលបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្ដបង្កើនកំណើនសេដ្ឋកិច្ចបៃតង តាមរយៈផែនការយុទ្ធសាស្រ្តជាតិស្តីពីកំណើនបៃតងឆ្នាំ២០១៣-២០៣០ និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ កម្ពុជាមានសក្តានុពលក្នុងការពង្រីកការវិនិយោគលើថាមពលកកើតឡើងវិញ និងការពង្រីកប្រសិទ្ធភាពនៃវិស័យថាមពល ដោយប្រើប្រាស់ធនធានថាមពលពន្លឺព្រះអាទិត្យដ៏សម្បូរបែបរបស់ខ្លួន។ បន្ថែមពីលើនេះ កម្ពុជាក៏មានលទ្ធភាពវិនិយោគលើកសិកម្មអាកាសធាតុឆ្លាតវៃ (Climate-smart Agriculture)​ និងការគ្រប់គ្រងមូលធនធម្មជាតិផងដែរ ដោយមើលឃើញពីសារៈសំខាន់នៃវិស័យកសិកម្មចំពោះសន្តិសុខស្បៀងរបស់កម្ពុជា និងសក្តានុពលសម្រាប់ធ្វើពាណិជ្ជកម្ម។

ជាចុងក្រោយ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុនឹងមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងធានានូវនិរន្តរភាពនៃសេដ្ឋកិច្ចជាតិ សម្រាប់រយៈពេលវែង៕