(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការីជាច្រើនរូប ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនអង្គការផ្ទះបាយកុមារ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាជ័យជំនះ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលជាជម្រកមួយសម្រាប់កុមាររស់នៅក្នុងគ្រួសារក្រខ្សត់ និងកំព្រា មកពិសាអាហារដោយឥតគិតថ្លៃ នៅទីនេះ។

លោកស្រី ពុំ ចន្ទីនី បានថ្លែងថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ជាលើកទី៤ ផ្ដល់ជូនអង្គការផ្ទះបាយកុមារ ដែលមាននូវគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ផ្សេងៗ រួមទាំងថវិកាចំនួន១០លានរៀល ដើម្បីជួយផ្គត់ផ្គង់ការហូបចុក និងការសិក្សារៀនសូត្រដល់កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមារផ្ទុកមេរោគអេដស៍ កុមាររើសអេតចាយចំនួន ៦៣៦នាក់។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី ក៏បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានអញ្ជើញមកដល់អង្គការផ្ទះបាយកុមារសារជាថ្មីម្តងទៀត និងបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការផ្ទះបាយកុមារ ដែលបានជួយមើលថែទាំ ផ្តល់ការសិក្សាអប់រំ និងផ្តល់ការហូបចុកដល់កុមារ ដែលនេះជាការជួយសម្រាលបន្ទុកដល់ក្រុមគ្រួសាររបស់កុមារទាំងនេះ។

លោកស្រីក៏បានណែនាំអប់រំដល់កុមារា កុមារីទាំងអស់ ត្រូវចេះរក្សាអនាម័យក្នុងការរស់នៅ ចេះស្រឡាញ់គ្នា ជួយយកអាសាគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ ជាពលរដ្ឋល្អ និងជាធនធានមនុស្សសម្រាប់បម្រើសង្គមជាតិ។

គួររម្លឹកថាកាកបាទក្រហមកម្ពុជា ជារៀងរាល់ឆ្នាំបន្ទាប់ពីទទួលបានថវិកាពីសប្បុរសជន ក្នុងឱកាសទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា គឺតែងតែមានសកម្មភាពជួយទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាក់ស្ដែងនៅថ្ងៃនេះ បាននាំយកអំណោយជាស្បៀងឧបភោគបរិភោគ ថវិកា និងសម្ភារៈផ្សេងៗ ជូនដល់កុមារងាយរងគ្រោះបំផុតនៅអង្គការផ្ទះបាយកុមារ ។ទន្ទឹមនឹងនេះក៏បានត្រៀមរួចជាស្រេច ក្នុងការឆ្លើយតបនឹងគ្រោះមហន្ដរាយធម្មជាតិនានា។

ឆ្លៀតក្នុងឱកាសនោះលោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគថវិកាដោយសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកាកបាទក្រហមកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសម្រាលការលំបាក ដល់ប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុត។

កាលដែរកាកបាទក្រហមកម្ពុជា ចុះមកផ្ដល់អំណោយនៅអង្គការផ្ទះបាយកុមារនេះ ដោយសារទីនេះមានកុមារៗ សុទ្ធតែមកពីគ្រួសារក្រខ្សត់ មានមុខរបរ រើសអេតចាយជាដើម ដែលមានភាពខ្វះខាតការហូបចុប អាចមកពិសាបាយនៅទីនេះដោយឥតគិតប្រាក់ ជាពិសេសដើម្បីលើកទឹកចិត្ដដល់ឪពុកម្ដាយរបស់កុមារ បញ្ជូនកូនទៅសិក្សា បើមិនមានអាហារ អាចឱ្យកូនមកហូបអាហារនៅទីនេះបាន ព្រោះអង្គការមានផ្ដល់អាហារ២ពេល គឺពេលព្រឹក និងថ្ងៃ ជាពិសេសមានផ្ដល់អង្ករជាប្រចាំខែ និងបង់ថវិកាសម្រាប់ក្មេងៗទៅសិក្សាផងដែរ។

ក្នុងនាមលោក សែម ស៊ីណាត អគ្គលេខាធិការនៃអង្គការផ្ទះបាយ និងតំណាងឱ្យអង្គការផ្ទះបាយកុមារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ ព្រមទាំងបានឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់។

លោកក៏បានបញ្ជាក់ឱ្យដឹងថា «ព្រឹកនេះមានកុមារប្រមាណជាង៣០០នាក់ ដែលបានមកចូលរួមផ្ទាល់ ហើយកុមារជាង៣០០នាក់ទៀត អង្គការនឹងរៀបចំប្រគល់ជូនបន្តទៀត។ លោកបានបន្តថា គោលបំណងរបស់អង្គការ គឺជួយដល់កុមារទុរគតទាំងឡាយឱ្យទទួលបានការហូបចុកគ្រប់គ្រាន់ ចៀសផុតពីជំងឺនានា ហើយទទួលបានការសិក្សារៀនសូត្រ និងចៀសផុតពីគ្រឿងញៀន។ ជាក់ស្តែង មានយុវជនជាច្រើននាក់ដែលធ្លាប់ជ្រកក្រោមដំបូលអង្គការផ្ទះបាយកុមារ បានចូលរៀនដល់ថ្នាក់មហាវិទ្យាល័យ មានការងារធ្វើសមរម្យ ហើយមានអ្នកខ្លះទៀត ក៏បានស្ម័គ្រចិត្តមកជួយដល់កុមារតូចៗជំនាន់ក្រោយនៅក្នុងអង្គការផងដែរ»។