(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមាននជ័យ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បាននាំយកអំណោយរថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី តាមរយៈលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដើម្បីយកទៅប្រើប្រាស់លើការងារដឹកជញ្ជូន អ្នកជំងឺមកកាន់មន្ទីរពេទ្យមានភាពឆាប់រហ័ស។

នាឱកាសលោក ប៉ែន កុសល្យ ក៏បានថ្លែងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្ត ពេលទទួលបានរថយន្តនេះហើយ សូមប្រើប្រាស់ដោយការទទួលខុសត្រូវ ប្រើប្រាស់ឱ្យចំគោលដៅ ពិសេសត្រូវថែរក្សារថយន្តនេះ ប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង៕