(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីក្ដាប់នូវស្ថានភាពការងារជាក់ស្ដែង ពិនិត្យបន្ថែមលើទិសដៅការងារមូលដ្ឋាន រួមទាំងប្រមូលនូវបញ្ហាប្រឈម សំណើ និងសំណូមពរនានាដើម្បីចាត់វិធានការដោះស្រាយ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក ក្រុមការងារជនបង្គោលរបស់ក្រសួងមុខងារសាធារណៈ ទទួលបន្ទុកការងាររាជរដ្ឋាភិបាលរាជធានី ខេត្ត ក្រុមការងារចល័ត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអង្គភាពពាក់ព័ន្ធប្រមាណ ១២០នាក់។

ជាកិច្ចចាប់ផ្ដើមនៃអង្គប្រជុំ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានមតិស្វាគមន៍ និងស្ដាប់នូវរបាយការណ៍វឌ្ឍនភាពការងារ របស់លោក វ៉ី សំណាង អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាល។ លោកអភិបាលខេត្តបានគូសបញ្ជាក់ថា តាមរយៈលទ្ធផលដែលសម្រេចបាន គឺពិតជាឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ក្នុងការអនុវត្តកម្មវិធីជាតិ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ក្រោយពីបានស្ដាប់នូវរបាយការណ៍ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ក៏ដូចជាថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលបានសហការការងារ និងសម្រេចបានសមិទ្ធផលជាច្រើនក្នុងរយៈពេលដ៏ខ្លី ស្របតាមការណែនាំ និងការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល។

នៅលើគេទំព័រផ្លូវការ លោក ហ៊ុន ម៉ានី បានរៀបរាប់ថា «ប្រមាណ៤ខែចុងក្រោយនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានបំពេញតួនាទីយ៉ាងសស្រាក់សស្រាំ ក្នុងការផ្សព្វផ្សាយព័ត៌មាន និងខ្លឹមសារ ដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់នៅមូលដ្ឋានលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាកម្មវិធីកែទម្រង់នានា របស់រាជរដ្ឋាភិបាល សំដៅលើការលើកកម្ពស់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ឲ្យបានកាន់តែល្អប្រសើរផង ក៏ដូចជាសិក្សាពីស្ថានភាព ឬបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន រាយការណ៍ជូនរាជរដ្ឋាភិបាល ក្នុងគោលដៅស្វែងរកដំណោះស្រាយ និងដើម្បីបំពេញបន្ថែមតម្រូវការនានា ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពផង»

លោកបានបន្តលើកទឹកចិត្ត និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមការងារទាំងអស់ ឲ្យបន្តការងារស្នូលដែលក្រុមការងារ បាននិងកំពុងធ្វើ និងធ្វើរបាយការណ៍ជាប្រចាំដាក់ជូនថ្នាក់ដឹកនាំជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកបានសំណូមពរដល់ក្រុមការងារ បន្តតាមដានស្ថានភាព នៃការប្រើប្រាស់ទឹកតាមតំបន់នីមួយៗ ក្នុងដំណាក់ដែលអាកាសធាតុមានការប្រែប្រួល និងជួយសម្របសម្រួលការងារផ្សេងៗ ជាមួយអាជ្ញាធរមូលដ្ឋាន រួមទាំងការបន្តរៀបចំវេទិកាសាធារណៈនានា ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ ក៏ដូចជាបង្កើនឱកាសដល់យុវជនតាមបណ្តាមូលដ្ឋានបានដឹង និងបានចូលរួម ដូចជាការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ឬការចូលរួមប្រឡងប្រជែងដើម្បីក្លាយខ្លួន ជាមន្ត្រីរាជការស៊ីវិលប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្នជាដើម។

លោកជឿជាក់យ៉ាងមុតមាំ ថាក្រុមការងារទាំងអស់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងបន្តអនុវត្តតួនាទីភារកិច្ចកាន់តែខ្ជាប់ខ្ជួន ស្របតាមការណែនាំ តម្រង់ទិសរបស់រាជរដ្ឋាភិបាល និងប្រកបដោយភាពច្នៃប្រឌិត តាមស្ថានភាពជាក់ស្តែងនៃមូលដ្ឋាននីមួយៗ៕