(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញមកប្រទេសកម្ពុជា ដើម្បីថតរូបពីផលិតរបស់ខ្លួន លោក NICCOLÒ RICCI អគ្គនាយករបស់ក្រុមហ៊ុន STEFANO RICCI ដែលជា Brand ម៉ាកល្បីនៅលើពិភពលោក អមដំណើរដោយ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានអញ្ជើញចូលជួបសំដែងការគួរសមជាមួយ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសនេះ លោកបានជម្រាបជូនពីគោលបំណងមកប្រទេសកម្ពុជា ដោយជ្រើសរើសយកទីតាំងមួយចំនួនពាក់ព័ន្ធ បេតិកភណ្ឌ វប្បធម៌ ស្ថាបត្យកម្ម និងធនធានធម្មជាតិរបស់ខ្មែរ ដើម្បីថតរូប សម្រាប់ធ្វើការផ្សព្វផ្សាយភ្ជាប់ជាមួយផលិតផល STEFANO RICCI ដែល Brand ល្បីរបស់ពិភពលោក ។

លោក NICCOLÒ RICCI បានជម្រាបជូនថា ក្នុងគម្រោងអន្តរជាតិ លើការផ្សព្វផ្សាយផលិតផល STEFANO RICCI គឺបានធ្វើនៅអេហ្ស៊ីប អ៊ីស្លង់ កាឡាប៉ាហ្គោ និងម៉ុងហ្គោលី ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយ ហើយក្រុមការងាររបស់ STEFANO RICCI ក៏បានមកប្រទេសកម្ពុជា ដើម្បីថតរូបសម្រាប់ការផ្សព្វផ្សាយទៅកាន់អន្តរជាតិ និងពិភពលោក នូវទីតាំងមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។

លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានសម្តែងនូវការអរគុណដល់ អគ្គនាយកក្រុមហ៊ុន STEFANO RICCI ដែលបានចាប់អារម្មណ៍លើប្រទេសកម្ពុជា ហើយបានដឹកនាំក្រុមការងារមកធ្វើការថតរូបដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក។ លោករដ្ឋមន្រ្តី ជឿជាក់ថា តាមរយៈរូបភាពនៃការតាំងពិព័ណ៌ ផ្សារភ្ជាប់ជាមួយផលិតផល STEFANO RICCI គឺនឹងធ្វើពិភពលោក ជាពិសេសអតិថិជនដែលជាអ្នកប្រើប្រាស់ផលិតរបស់ក្រុមហ៊ុន STEFANO RICCI មានការចាប់អារម្មណ៍កាន់តែខ្លាំង ហើយអញ្ជើញមកទស្សនាប្រទេសកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់នៃជាការចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ របស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកផងដែរ៕