(សៀមរាប)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ ករណីជួញដូរ និងរក្សាទុកគ្រឿងញៀនចំនួន ១២១ដុំ (ទម្ងន់សុទ្ធ ១២០.៦៨គីឡូក្រាម)។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៩ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងដកហូតវត្ថុតាងរួមមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១២១ដុំ ទម្ងន់សរុប១២០.៦៨គីឡូក្រាម កាំភ្លើងខ្លី ចំនួន១ដើម ម៉ាកGLOCK និងទូរស័ព្ទដៃចំនួន២គ្រឿង។

បន្ទាប់ពីបានធ្វើការពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យជនជាតិខ្មែរចំនួន៦នាក់ និងជនជាតិឡាវចំនួន១នាក់ សរុបចំនួន១១នាក់ (ឃាត់ខ្លួនម្នាក់ គេចខ្លួន១០នាក់) និងបក្ខពួក ពីបទ កាន់កាប់អាវុធដោយ គ្មានការអនុញ្ញាត ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និង បទល្មើសសម្អាតប្រាក់ ប្រព្រឹត្តនៅភូមិដូនស្វា ឃុំសំរោងយារ ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ មាត្រា៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្ដីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៩៣៦ អយឆ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវីធី។

សូមបញ្ជាក់ថា កម្លាំងនគរបាលខេត្តសៀមរាប ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា និងលោកឧត្តមសេនីយ៍ត្រី ផៃ រស្មី ស្នងការរងនគរបាលទទួលផែន បានបង្ក្រាបករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ នៅឃុំសំរោងយោង ស្រុកពួក និងដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកក សរុបជាង១២០គីឡូក្រាម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង ក្រោមការសម្របសម្រួលពីតំណាង អយ្យការអមសាលាដំបូងខេត្តសៀមរាប និងខេត្តស្ទឹងត្រែង៕