(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានដាក់ឱ្យដេញថ្លៃគំរោងមូលនិធីអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤។ ពិធីនេះបានធ្វើឡើងនៅនៅសាលាខណ្ឌ ក្រោមវត្តមានលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន តំណាងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ។

ពិធីដេញថ្លៃនេះក៏មានការចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាខណ្ឌ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន ប្រធានមន្ទីរផែនការរាជធានី និងតំណាងលោក ម៉េត មាសភក្តី ប្រធានការិយាល័យវិនិយោគ និងផែនការ ព្រមទាំងលោក លោកស្រីជាអភិបាលរងខណ្ឌ និងចៅសង្កាត់ទាំង៥ និងមានប្រជាពលរដ្ឋ និងមានការចូលរួមដេញពីក្រុមហ៊ុនចំនួន១០ ផងដែរ។

លោក កៀង ល័ក្ស បានឱ្យដឹងថា ឆ្នាំនេះជាឆ្នាំទី៣ របស់ក្រុមប្រឹក្សា សង្កត់អាណត្តិទី៥ បានលើកផែនការអភិវឌ្ឍប្រចាំឆ្នាំរបស់ខ្លួន តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយក្រុមប្រឹក្សាសង្កាត់នីមួយៗ មានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សារាជធានីភ្នំពេញ មានការណែនាំពីទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ ថ្នាក់រាជធានីភ្នំពេញ មន្ទីរផែនការ ទីចាត់ការផែនការ និងវិនិយោគរាជធានី ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

លោកអភិបាលខណ្ឌបានបន្តថា ក្នុងឆ្នាំកន្លងទៅនេះ ខណ្ឌបានដំណើរការដេញថ្លៃគម្រោងរបស់សង្កាត់ទាំង៥ បានខិតខំកែលំអសោភ័ណភាព កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាការជួសជុល ផ្លូវបេតុង គ្មានសរសៃដែក ជីកដាក់លូរំដោះទឹក ជួសជុលផ្លូវអ៊ុតកៅស៊ូ ជាដើម។ សម្រាប់ឆ្នាំ២០២៤ គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ដែលដាក់ឱ្យដេញថ្លៃនាពេលនេះរួមមាន៖

១- សង្កាត់ទន្លេបាសាក់៖ ដាក់លូដោះទឹក ទំហំ ០.៦ម៉ែត្រ ប្រវែង៦០២ម៉ែត្រ និងជួសជុលអណ្តូងចំនួន២៤ អណ្តូង។ ស្តារលូ ទំហំ០.៦ ម៉ែត្រ ប្រវែង ១,៤២៥ ម៉ែត្រ។
២- សង្កាត់ទួលទំពូងទី១៖ ដាក់លូដោះទឹក ទំហំ ០.៦ម៉ែត្រ ប្រវែង២៤០ម៉ែត្រ និងជួសជុលអណ្តូងចំនួន១២ អណ្តូង ជួសជុលផ្លូវអ៊ុតកៅស៊ូអាស់ស្ទាល់ ប្រវែង ១២៣ម៉ែត្រ ទទឹង ៦.៥ម៉ែត្រ និងកម្រាស់ ៥០មម។
៣- សង្កាត់ទួលទំពូងទី២៖ ដាក់លូដោះទឹក ទំហំ០.៦ម៉ែត្រ ប្រវែង៤៧០ម៉ែត្រ និងជួសជុលអណ្តូងចំនួន១៩ អណ្តូង។
៤- សង្កាត់បឹងត្របែក៖ ជួសជុលផ្លូវអ៊ុតកៅស៊ូអាស់ស្គាល់ ប្រវែង២៤២ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងកម្រាស់ ៥០មម។
៥- សង្កាត់ផ្សារដើមថ្កូវ៖ ដាក់លូដោះទឹក ទំហំ០.៦ម៉ែត្រ ប្រវែង៥១២ម៉ែត្រ និងជួសជុលអណ្តូងចំនួន២១ អណ្តូង។

លោក កៀង ល័ក្ស បានលើកឡើងថា ក្រុមហ៊ុនត្រូវមានក្រមសីលធម៌ មានបទពិសោធន៍កន្លងមក មានក្រុមហ៊ុនទទួលការបានចូលរួមក្នុងកិច្ចលទ្ធកម្មនេះ ជាច្រើន ក្នុងនោះមានក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាងតម្លៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តគំរោង គឺមានភាពរយីករយាក យ៉ឺតពេល គ្មានសោភ័ណ្ឌភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោលក្រុមហ៊ុននោះ ចូលមកបំផ្លាញគម្រោងរបស់សង្កាត់តែម្តង។ តែទន្ទឹមនឹងនោះ ក៏មានអ្នកទទួលការមួយចំនួនធំ មានការទទួលខុសត្រូវ នឹងអនុវត្តបានល្អ រហូតទទួលបាននូវបណ្ណសរសើរ ពីសាលារាជធានីភ្នំពេញទៀតផង។

នៅក្នុងឱកាសនោះដែរ លោកក៏បានណែនាំ ដល់ក្រុមហ៊ុនចូលរួមដេញថ្ងៃទាំងអស់ ត្រូវពិចារណាអោយបានច្បាស់លាស់ពីតម្លៃ និងស្ថានភាពទីតាំងគំរោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសន្យា គោលការណ៍សំខាន់ៗ អំពីការដេញថ្លៃ។ កុំឱ្យមានការដេញបែបបំផើមចោល បានន័យថា ក្រុមហ៊ុនដេញថ្លៃបានហើយ បែរជាអនុវត្តមិនបាន។

ជាមួយគ្នានេះដែរ លោក កៀង ល័ក្ស បានស្នើឱ្យគណៈកម្មការលទ្ធកម្មសង្កាត់នីមួយៗ ត្រូវពិនិត្យឱ្យបានហ្មត់ចត់ ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះ ក្នុងតម្លៃទាបត្រូវធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ត្រូវធ្វើការតាមដានគម្រោងជាប្រចាំ និងត្រួតពិនិត្យវាយតម្លៃ តាមដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវរៀបចំកិច្ចសន្យា គម្រោង កុំគិតតែពីប្រាក់ចំណេញពេកដែលអាចគ្មានគុណភាពក្នុងការអនុវត្តគម្រោង៕