(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា បានស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជនទុច្ចរិតដែលប្រើប្រាស់ហ្វេសប៊ុក យករូបថតលោកទៅកែច្នៃ ហើយរៃអង្គាសលុយពីប្រជាពលរដ្ឋ។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា៖ «ខ្ញុំសូមប្រកាសថា ថ្ងៃនេះ មាន Account Facebook ឈ្មោះ Phorn Sophary បានយករូបថតខ្ញុំ និងភរិយាខ្ញុំ (ថតពេលអុចធូបគោរពវិញ្ញាណក្ខន្ធរៀមច្បង សំបូរ ម៉ាណ្ណារ៉ា) យកទៅកាត់តដាក់រូបថតកូនក្មេងណាមិនដឹងទេ(?) ដែលខ្ញុំមិនដែលស្គាល់ រួចយកមកផុសដាក់ផ្សាយបោកប្រាស់ រៃអង្គាសសុំលុយសាធារណជន ឲ្យខូចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងភរិយា។ នេះជាទង្វើទុច្ចរឹតខុសច្បាប់ ដែលខ្ញុំសូមអំពាវនាវឲ្យអាជ្ញាធរសមត្ថកិច្ចស៊ើបអង្កេត ចាត់ការលើបុគ្គលម្ចាស់ Account នេះតាមច្បាប់ជាបន្ទាន់»

លោក សួន សេរីរដ្ឋា បានបន្ថែមទៀតថា៖ «ជូនបងប្អូនអ្នកដែលចូលមក Comments ទាំងអស់មេត្តាជ្រាបថា ជាពលរដ្ឋសមញ្ញម្នាក់ ខ្ញុំពិតជាគ្មានសមត្ថភាពវាយតម្លៃបានថាជា Account ក្លែងក្លាយឬមិនក្លែងក្លាយនោះទេ។ ដូចនេះដើម្បីរកការពិតមានតែសមត្ថកិច្ចខាង "ប្រឆាំងបទល្មើសបច្ចេកវិទ្យា" ទេដែលលោកអាចស្រាវជ្រាវរកការពិតឃើញ ហើយអាចរកឃើញអ្នកប្រើប្រាស Account មួយនេះ ដែលបោកប្រាសសាធារណៈ យកមកផ្តន្ទាទោសតាមច្បាប់បាន។ ម្យ៉ាងវិញទៀត ក្នុងនាមខ្ញុំនិងភរិយាដែលជាម្ចាស់រូប ខ្ញុំត្រូវតែប្រកាសការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់យើងខ្ញុំ»

គួរបញ្ជាក់ផងថា រូបថតក្មេងស្រីដែលត្រូវបានជនខិតខូចកាត់តនោះ ត្រូវបានគេស្គាល់ថាជាកូនស្រីពៅរបស់តារាកំប្លែងរូបស្រស់ អ្នកស្រី ផន សុផារី ដែលទទួលបានប្រជាប្រិយភាពជាច្រើនពីមហាជនអ្នកលេងបណ្ដាញសង្គម។

យ៉ាងណាមិញ អ្នកស្រី ផន សុផារី កាលពីម្សិលមិញ បានធ្វើការបកស្រាយជុំវិញករណីនេះ ដោយអំពាវនាវដល់មហាជនកុំមានការយល់ច្រឡំ ដោយបញ្ជាក់ថា នោះគឺជា គណនីហ្វេសប៊ុកក្លែងក្លាយ (Fack Account) ដែលបង្កើតដោយជនទុច្ចរិត ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ហើយហ៊ានសូម្បីតែប្រមាថជីវិតរបស់អ្នកដទៃ ដោយមិនគិតពីបុណ្យ និងបាប។

ខណៈពេលនេះដែរ អ្នកស្រីក៏កំពុងតែដំណើរការតាមនីតិវិធីច្បាប់យ៉ាងស្ងៀមស្ងាត់ ដើម្បីវែកមុខរកជនល្មើសមកដាក់ទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងដូចពីមុននោះទេ៕