(ព្រះវិហារ)៖ ក្រោមការចង្អុលបង្ហាញ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជាមេបញ្ជាការនគរបាលជាតិប្រចាំ ទិសភូមិភាគទី៣ ទី៤ និងទី៥ បានចាត់តាំងលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ជាតំណាង ដឹកនាំកម្លាំង ចូលរួមរៀបចំពិធីបុណ្យទាំងស្រុងជូន សពលោកស្រី អនុសេនីយ៍ឯក ស៊ឹម គង់ចៃ មន្ត្រីនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ១០៥ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនគោក ដែលបានទទួលមរណភាពក្នុងកំឡុងពេលឈឺពោះសំរាលកូន កាលពីម៉ោង ៣៖២០ទៀបភ្លឺ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ និងចូលរួមរំលែកទុក្ខដ៏សែនរន្ធត់ក្រៀមក្រំនេះ ជាមួយគ្រួសារនៃសព។

សូមរំលឹកអំពីហេតុការណ៍ដ៏គួរឲ្យសោកសង្វេកក្រៀមក្រំអាណោចអាធមនេះថា កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កុមារា ណាំ សង្ហបូរី អាយុ១២ឆ្នាំ ត្រូវជាកូនប្រុសបង្កើត លោកស្រីអនុសេនីយ៍ឯក ស៊ឹម គង់ថៃ បានទទួលមរណភាពដោយរោគាពាធ ជំងឺទឹកនោមប្រៃ បន្តមកដល់ម៉ោង២ រំលងអាធ្រាត្រថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ ដដែល លោកស្រីអនុសេនីយ៍ឯក ស៊ឹម គង់ថៃ បានឈឺពោះឆ្លងទន្លេកូនទី៤ នៅមណ្ឌលសុខភាពកំពង់ស្រឡៅ រំពេចនោះគាត់មានអាការៈវិលមុខយ៉ាងខ្លាំង ហើយក៏បានទទួលមរណភាព ទាំងកូននៅក្នុងផ្ទៃ នៅវេលាម៉ោង៣៖២០ទៀបភ្លឺ ថ្ងៃដដែល។

ពិធីបុណ្យសព ទាំង៣នាក់ម្តាយកូន តាមប្រពៃណីខ្មែរ ប្រារព្វធ្វើនៅឯស្រុកកំណើតនៃសព ស្ថិតនៅក្នុងវត្តកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងពិធីបុណ្យសពនោះដែរ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត បានពាំនាំបច្ច័យបុណ្យ និងអំណោយដ៏ថ្លៃថ្លា ដូចខាងក្រោម៖
១៖ អំណោយរបស់ នាយឧត្តមសេនីយ៍ ខេង សុមេធ មានបច្ច័យបុណ្យ ១០លានរៀល អង្ករ ២៥០គីឡូ មីម៉ាម៉ា ២កេសធំ ត្រីខកំប៉ុង ២កេសធំ
២៖ បច្ច័យបុណ្យរបស់ លោកស្រីឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា ចំនួន១លានរៀល
៣៖ បច្ច័យបុណ្យរបស់ប្រធាននាយកដ្ឋាន និងកម្លាំងទាំងអស់នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក សរុបចំនួន ១២លានរៀល។
៤៖ ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន ៦លានរៀល៕