(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការពង្រឹងលើវិស័យសុខាភិបាលមិនថយនោះឡើយ គឺនៅតែបន្តដើរទៅមុខជានិច្ច ហើយនឹងធ្វើឱ្យកាន់តែមានប្រសិទ្ធភាព និងទំនើបកម្មកាន់តែខ្ពស់ជាងមុន សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលកាន់តែមានភាពប្រសើរឡើង និងមានប្រសិទ្ធភាពក្នុងការជួយព្យាបាលមនុស្សឱ្យបានកាន់តែច្រើនជាងមុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរ ពេទ្យ បង្អែក ខេត្ត សៀម រាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន ជប៉ុន។

ថ្លែងនាឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រោយចូលឆ្នាំនេះយើងបានធ្វើការចរចារគ្នាច្រើន យើងមាន ៣ ដែលជាគោលដៅ មានមុខងារសាធារណៈ អប់រំ សុខាភិបាល ហើយឥលូវនេះសុខាភិបាលបានដើរមុនហើយ ចេញកញ្ចប់ថវិកា ចេញផែនការសកម្មភាពសម្រាប់អនុវត្តន៍ នៅតែចាត់តាំងអនុវត្តន៍ធ្វើតែម្តង ចឹងសម្រាប់ ៤ឆ្នាំនេះ ១៧០លានជាង សម្រាប់ពង្រឹងនៅពេទ្យមូលដ្ឋាន ហើយថវិកា ១៤១លាន ពង្រឹងពេទ្យនៅក្នុងតំបន់, សម្រាប់ក្នុងវិស័យសុខាភិបាលទាំងមូល ថវិកាជាតិមានច្រើនសម្រាប់ទម្លាក់មកនេះមានប្រមាណជិត ១ ០០០លានដុល្លារ សម្រាប់ពង្រឹង និងព្យាបាលប្រជាពលរដ្ឋ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការបញ្ចេញថវិកាទាំងនេះគឺមិនទាន់បានបូកជាមួយនឹងការបញ្ចេញថវិកាសម្រាប់កម្មវិធីជំនួយសង្គមផ្សេងៗដូចជា ការជួយប្រជាពលរដ្ឋក្រីក្រ ប័ណ្ណសមធម៍សុខាភិបាល ពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩ និងបញ្ហាហានិភ័យ ដែលមកដល់ពេលនេះរាជរដ្ឋាភិបាលបានចំណាយជាង ១៤០០លានដុល្លាររួចទៅហើយ ការចំណាយនេះគឺចាំបាច់ត្រូវតែចំណាយ ដើម្បីសុខភាពនឹងសុភមង្គមរបស់ប្រជាពលរដ្ឋ និងសុខភាពរបស់ជាតិ និងភាពរឹកមាំ គឺត្រូវការមនុស្សដែលមានសុខភាពល្អ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះទៀតថា «ការវិនិយោគទៅលើវិស័យសុខាភិបាល អត់ថយនោះទេ ដូចទៅនឹងវិស័យអប់រំដែរ ហើយមានវិស័យមួយចំនួនថយ, កាលពីសង្គ្រាមការពារជាតិធំ ក្រោយមកយើងថយ តែវិស័យអប់រំ សុខាភិបាលយើងកើន សម្រាប់អាណត្តិថ្មីនេះក៏នឹងបន្តបន្ថែមទៀត ហើយឱ្យកាន់តែមានប្រសិទ្ធភាព ភាពប្រសើរ និងទំនើបកម្មកាន់តែខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលកាន់តែប្រសើរឡើង»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការវិនិយោគទៅលើវិស័យសុខាភិបាលនេះ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលបានកាន់តែប្រសើរឡើង ដើម្បីបានធ្វើជាសេនាទេវតា បំពេញភារកិច្ចបានជួយមនុស្សបានកាន់តែច្រើនឡើង ដើម្បីឱ្យប្រជាពលរដ្ឋបាននៅជួបជុំគ្រួសារកាន់តែយូរអង្វែង ហើយកិច្ចការទាំងអស់នេះគឺជាអ្វីដែលយើងត្រូវតែធ្វើរួមគ្នាដើម្បីជាតិយើង៕