(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់ប្រធាននាយកដ្ឋានចំនួន២រូប ដែលទើបប្រកាសចូលកាន់តំណែង នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ ត្រូវពង្រឹងប្រសិទ្ធភាពក្នុងការបញ្ជាដឹកនាំ ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់បទល្មើសដែលកើតមានឡើង។

ប្រធាននាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទើបប្រកាសចូលកាន់តំណែងនោះ រួមមាន លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងលោកឧត្តមសេនីយ៍ទោ សែម គន្ធា ជាប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ចំពោះប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងរក្សាទុកនូវអាវុធដែលបម្រើកិច្ចការងារការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈឲ្យបានគត់មុត និងត្រឹមត្រូវតាមច្បាប់កំណត់។ បន្ថែមពីនេះ រាល់សារជាតិផ្ទុះដែលនាំចូលបម្រើឲ្យវិស័យផ្សេងៗ ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងការយកចិត្តទុកដាក់ដូចគ្នា ពោលមិនត្រូវឲ្យសារធាតុទាំងអស់នោះធ្លាក់ចូលក្នុងដៃពួកឧក្រិដ្ឋជននោះឡើយ។

ដោយឡែក សម្រាប់ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនវិញ ត្រូវតែបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ សំដៅធ្វើយ៉ាងណាទប់ស្កាត់ និងបង្ការមិនឲ្យមានពលរដ្ឋខ្មែរណាម្នាក់ធ្លាក់ក្នុងអំពើជួញដូរមនុស្សនេះឡើយ ពិសេសនៅតាមតំបន់ព្រំដែនតែម្ដង។ នាយឧត្តមសេនីយ៍ ស ថេត បន្ថែមទៀតថា នាយកដ្ឋាននេះត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយអន្ដរាគមន៍ឲ្យបានទាន់ពេលវេលា ក្នុងករណីពលរដ្ឋកម្ពុជាណាម្នាក់រងគ្រោះដោយសារអំពើនេះ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់ប្រធាននាយកដ្ឋានទាំង២រូប ត្រូវបន្ដសហការឲ្យបានល្អជាមួយបណ្ដាអង្គភាពនានាដែលមានការពាក់ព័ន្ធ ហើយត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង សំដៅធ្វើយ៉ាងណាឲ្យការអនុវត្តនូវរាល់តួនាទីភារកិច្ចទទួលបានជោគជ័យ និងបញ្ចប់នូវរាល់បាតុភាពអសកម្មនានាដែលកើតមានឡើង ហើយមិនត្រូវបែកចែកបក្ខពួកនោះឡើយ។

ក្រៅពីនាយកដ្ឋានទាំងពីរខាងលើនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានធ្វើការណែនាំជាមួយរួមដល់បណ្ដានាយកដ្ឋានទាំងអស់ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបន្ដយកចិត្តទុកដាក់អនុវត្តនូវតួនាទីភារកិច្ចតាមជំនាញរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ពោលធ្វើយ៉ាងបន្ដរក្សាឲ្យបាននូវខឿនសន្ដិសុខជាតិ ការពារសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្រោមម្លប់ដ៏ត្រជាក់នៃសន្ដិភាព របស់រាជរដ្ឋាភិបាលកម្ពុជា៕