(ភ្នំពេញ)៖ ឆ្លើយតបនឹងបរិបថដែលពិភពលោកកំពុងមានការវិវឌ្ឍជាបន្ដបន្ទាប់ ហើយពិសេសជះឥទ្ធិពលដល់ប្រទេសកម្ពុជាដែរនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់នាយទាហានកម្រិតយុទ្ធសាស្ដ្រ ដែលទទួលបន្ទុករៀបចំផែនការទាំងអស់ ត្រូវតែបង្កើននូវការស្វែងយល់ និងបង្កើនសមត្ថភាពនៃការយល់ដឹងរបស់ខ្លួនបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ឬទំនាក់ទំនងជាមួយបណ្ដាប្រទេសដទៃ។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងបរិបថដែលពិភពលោកកំពុងតែវិវឌ្ឍន៍ ហើយជះឥទ្ធិពលមកដល់ប្រទេសកម្ពុជា ការស្វែងយល់ និងការបង្កើនសមត្ថភាពយល់ដឹងរបស់នាយទាហានរបស់យើង ជាពិសេសនាយទាហានកម្រិតយុទ្ធសាស្ដ្រដែលទទួលបន្ទុករៀបចំផែនការ មិនមែនតែផែនការប្រយុទ្ធទេ សូម្បីតែផែនការទំនាក់ទំនងអន្ដរជាតិ ផែនការភ័ស្ដភារ ក៏ត្រូវធ្វើការប្រទាក់ក្រឡាផ្ទាល់ជាមួយប្រទេសផ្សេង ដូច្នេះត្រូវការយល់អ្វីដែលត្រូវធ្វើ ឬធ្វើដែលមិនត្រូវធ្វើ»។

ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ, គណៈគ្រប់គ្រង, យោធាចារ្យ និងបុគ្គលិកទាំងអស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារកំណែទម្រង់ពង្រឹងស្ថាប័ន។ ទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើឲ្យសាកលវិទ្យាល័យការពារជាតិ ទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល មិនត្រឹមតែកម្រិតយុទ្ធសាស្ដ្រយោធានោះទេ ពោលថែមទាំងនយោបាយការពារជាតិ សន្ដិសុខជាតិ ដែលអាចបើកដល់មន្ដ្រីជាន់ខ្ពស់ពីស្ថាប័នផ្សេងៗដើម្បីចូលរួម។

ដោយឡែក សម្រាប់ការងារអប់រំចិត្តសាស្ត្រ ព័ត៌មាន និងគោលនយោបាយវិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ជាកិច្ចការមួយមិនអាចខ្វះបានក្នុងការ កសាងឆន្ទៈ មនសិការស្នេហាជាតិ មាតុភូមិ សំដៅសម្រេចភារកិច្ចការពារជាតិដែលជាគុណសម្បត្តិ ចម្បងរបស់នាយ ពលទាហានគ្រប់រូប។ ដូច្នេះមេបញ្ជាការគ្រប់ថ្នាក់ ត្រូវមានស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់ចំពោះយោធិនចូលនិវត្តន៍ ទាំងនៅមុនពេលចូល និងក្រោយពេលចេញពីជួរ ឲ្យបានម៉ឹងម៉ាត់ ម៉ត់ចត់ ច្បាស់លាស់ ដោយតម្លាភាពបំផុត សំដៅធ្វើឲ្យសតិអារម្មណ៍នឹងនរ។

លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំចំពោះការបំពេញភារកិច្ច ត្រូវមានវិន័យល្អធ្វើជាគំរូដល់មហាជនប្រជាជន គោរពច្បាប់រដ្ឋ រាល់បទប្បញ្ញត្តិ បទវិន័យទូទៅ ទប់ស្កាត់ និងលុបបំបាត់ឲ្យបានដាច់ខាតការផលិតជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងជួរយោធិននៃកងយោធពលខេមរភូមិន្ទ។

សម្ដេចបានសង្កត់ធ្ងន់ថា ក្នុងការបំពេញភារកិច្ចយោធិនគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទត្រូវអនុវត្ត និងប្រកាន់ ខ្ជាប់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។ ហេតុនេះមេបញ្ជាការគ្រប់ថ្នាក់ ត្រូវមានវិធានការចាត់តាំងផ្សព្វផ្សាយ គ្រប់គ្រង ស្តាប់ឲ្យជាប់នូវ សតិអារម្មណ៍យោធិន ដើម្បីធ្វើការកែតម្រូវ ទាន់ពេលវេលា៕