(ក្រចេះ)៖ សង្ក្រាន្តឆ្នាំថ្មី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅវត្តព្រះវិហារធំសសរ១០០ ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តជិត ២ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ។

ព្រឹត្តិការណ៍សង្ក្រាន្ត នៅក្នុងបរិវេណវត្តព្រះវិហារធំសសរ១០០ គឺបានរៀបចំដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានទាក់ទាញភ្ញៀវទេសចរក៏ដូចជាប្រជាពលរដ្ឋចូលរួមលេងកម្សាន្តប្រមាណជា ១៩,៧៣៥នាក់។

ការរៀបចំសង្ក្រាន្តនៅក្នុងបរិវេណព្រះ វិហារធំវត្តសសរ១០០ ក្រោមកាដឹកនាំរបស់លោក គង់ មេត្តា អភិបាលស្រុកសំបូរ និងព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះអនុគណស្រុកសំបូរ និងជាព្រះចៅអធិការវត្តព្រះវិហារធំ សសរ ១០០ រួមទាំងយាយលោកតាគណៈ កម្មការចំណុះជើងវត្ត ពុទ្ធបរិស័ទ និងយុវជនជាច្រើននាក់បានប្រមូលផ្ដុំគ្នាដើម្បីលេងល្បែងប្រជាប្រិយខ្មែរ មានកាទាញព្រ័ត្រ លាក់កន្សែង វាយក្អម និងល្បែងប្រជាប្រិយផ្សេងៗទៀតដែលបានបង្កលក្ខណៈសប្បាយរីករាយ។

លោកអភិបាលស្រុកសំបូរ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តនៅក្នុងបរិវេណវត្តព្រះវិហារធំសសរ១០០ រយៈពេលប៉ុន្មានថ្ងៃនេះគឺមានរៀបចំលេងល្បែងប្រជាប្រិយដូចជា វាយក្អម ទាញព្រាត់ ចោលឈូងលោតបាវ និងញ៉ាំនំប្រណាំងគ្នា តែមានប្រជាពលរដ្ឋចូលរួមលេងយ៉ាងសប្បាយរីករាយផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ អាជ្ញាធរខេត្តក្រចេះបានរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅតាមវត្តអារាមសាលារៀនសរុបចំនួន៧០ទីតាំង ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋនៅតាមមូលដ្ឋានចូលរួមលេងកម្សាន្តសរុបប្រមាណ ២១,៤០០នាក់ ក្នុងនោះសម្រាប់វត្តព្រះ វិហារធំសរស១០០ គឺមានចំនួន ១៩,៧៣៥នាក់៕