(ភ្នំពេញ)៖​ យ៉ាងហោចណាស់មានមនុស្សចំនួន​ ៣៧នាក់បានស្លាប់ និង​ ៨៨នាក់បានរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៦៤ករណី​ នៅទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

យោងតាមរបាយការណ៍នេះបានបញ្ជាក់ដូចនេះថា​ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានចំនួនសរុប​១៧ករណី​ ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន​ ១១នាក់ និងរបួស២២នាក់។ នៅថ្ងៃទី១៤ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប​ ១៧ករណី មនុស្សស្លាប់៨នាក់ និងរបួស២៨នាក់។ នៅថ្ងៃទី១៥ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប​ ១៨ករណី មនុស្សស្លាប់​ ១១នាក់ និងរបួស២៤នាក់ និងនៅថ្ងៃទី១៦ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ១២ករណី មនុស្សស្លាប់ចំនួន៧នាក់ និងរងរបួសចំនួន​ ១៤នាក់។

បើប្រៀបធៀបនឹងចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅទូទាំងប្រទេសចំនួន ៤៥ករណី ដែលបណ្តាលឱ្យមនុស្សចំនួន ២៥នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ៩២នាក់៕