(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតថ្លែងអំណរគុណ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលសម្តេចបានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក) ដែលត្រូវជាឪពុកក្មេកអ្នកឧកញ៉ា។

លិខិតរបស់អ្នកឧកញ៉ា លាង ម៉េង មានខ្លឹមសារដូច្នេះថា «ខ្ញុំបាទ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសាររំលែកទុក្ខ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានសម្តែងនូវមនោសញ្ចេតនា សមានទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសាររបស់ខ្ញុំបាទ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក) ដែលត្រូវជាឪពុក ឪពុកក្មេក ជីតា ជីតាទួត របស់គ្រួសារយើងខ្ញុំ នាថ្ងៃពុធ ៩ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ១០:០៥នាទីព្រឹក ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

ខ្ញុំបាទសូមគោរពសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ក្នុងពិធីបុណ្យសពអ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន ស្របតាមប្រពៃណី និងព្រះពុទ្ធសាសនា។ សារលិខិតចែករំលែកទុក្ខដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ គឺជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះ ខ្ញុំបាទ និងភរិយា ព្រមទាំងគ្រួសារ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាន នូវសមានចិត្តដ៏ប្រពៃ ខ្ពង់ខ្ពស់ ថ្លៃថ្លា របស់សម្តេចតេជោបានឡើយ។

ខ្ញុំបាទសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕