(ស្វាយរៀង)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជូនជនសង្ស័យប្រុសស្រី ចំនួន៧នាក់ ទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជិត១គីឡូក្រាម។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង ចុះបង្ក្រាបចំណុចទីតាំងផ្ទះល្វែង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនជាតិវៀតណាមទាំង៧នាក់ រួមមាន ទី១៖ឈ្មោះ ឡេ អាញ់ធឿន អាយុ៣៤ឆ្នាំ, ទី២៖ឈ្មោះ ចាន់ វ៉ាន់ទៀង អាយុ៣២ឆ្នាំ, ទី៣៖ឈ្មោះ ចូវ ធីគីមវ៉ូយ ភេទស្រី អាយុ២៨ឆ្នាំ, ទី៤៖ឈ្មោះ ហា ធីប៊ិតង៉ុក ភេទស្រី អាយុ២៦ឆ្នាំ, ទី៥៖ឈ្មោះ ដន ធីង្វៀង ភេទស្រី អាយុ៣០ឆ្នាំ, ទី៦៖ឈ្មោះ ង្វៀង វាំងទឹង អាយុ២៧ឆ្នាំ និងទី៧៖ឈ្មោះ ឡី ឡី អាយុ៣៣ឆ្នាំ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ដកហូតវត្ថុតាង រួមមាន ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ចំនួន៦៤កញ្ចប់ ទម្ងន់៣៦១,៥០ក្រាម, ថ្នាំម្សៅម៉ត់ពណ៌ស ចំនួន៤កញ្ចប់ ទម្ងន់១៣៥,៦០ក្រាម, ថ្នាំកញ្ចប់ពណ៌លឿង ចំនួន៤កញ្ចប់ ទម្ងន់១០,០០ក្រាម, ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន១កញ្ចប់ ស្មើ៣២គ្រាប់ ទម្ងន់៤,៤០ក្រាម, ថ្នាំក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ ទម្ងន់១០,៤០ក្រាម, កញ្ឆាចំនួន០៤កញ្ចប់ ទម្ងន់១៦,៣០ក្រាម, ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ក្រហមសញ្ញារូបផ្លែទំពាំងបាយជូ ចំនួន១៧កញ្ចប់ ទម្ងន់១៧២,៥០ក្រាម, ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ស្វាយសញ្ញារូបផ្លែទំពាំងបាយជូ ចំនួន១១កញ្ចប់ ទម្ងន់១២០,៥០ក្រាម, ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ស សញ្ញារូបផ្លែត្របែក ចំនួន៥កញ្ចប់ ទម្ងន់៥១,៨០ក្រាម, ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ខ្មៅរូបសត្វគោ ចំនួន១២កញ្ចប់ ទម្ងន់៨៧,៧០ក្រាម ទម្ងន់ថ្នាំសរុប ៩៧០,៧០ក្រាម (ទាំងសំបកវិចខ្ចប់)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចាត់ការទៅតាមផ្លូវច្បាប់៕