(ប៉ៃលិន)៖ សង្ក្រាន្តប៉ៃលិនឆ្នាំនេះ ភ្ញៀវទេសចរណ៍បានមកលេងកម្សាន្តក្នុងខេត្ត មានការកើនឡើងហួសពីការ រំពឹងទុក ដោយក្នុងនោះនៅតាមគោលនៅទេសចរណ៍រមណីយដ្ឋាននានា ទូទាំងខេត្ត បានទទួលស្វាគមន៍ទេសចរជាតិ និងអន្តរជាតិ ៨០៨២៨៩នាក់ សម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ។

លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ សម្រាប់សង្ក្រានប៉ៃលិន រយៈពេល ៤ថ្ងៃ គឺស្ថានភាពទូទៅមានភាពល្អប្រសើរ គ្មានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់ សម្គាល់នោះទេ ហើយភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ទាំង៤ថ្ងៃ សរុបរួម ៨០៨២៨៩នាក់ ក្នុងនោះភ្ញៀវជាតិ ៧៨៨២៦៥នាក់ និងភ្ញៀវអន្តរជាតិ ២០០២៤នាក់ បានមកលេងកម្សាន្តយ៉ាង ច្រើន កុះករ នៅតាមតំបន់ រមណីយដ្ឋានទេសចរណ៍នានាៗក្នុងខេត្ត និង ទីកន្លែងរាំកំសាន្ត តំបន់ត្រជាក់ រៀបចំដោយរដ្ឋបាលខេត្ត។

សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស ២០២៤ រដ្ឋបាល ខេត្តប៉ៃលិន បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការរៀបចំសង្ក្រាន្ត នៅទីតាំងចំនួន ៤ ក្នុងក្រុងប៉ៃលិន ដើម្បីបង្កើតការសប្បាយរីករាយជូនដល់បង ប្អូន ប្រជាពលរដ្ឋ គឺទី១-បរិវេណវិមានឯករាជ្យខេត្ត ទី២-មាត់ស្ទឹងតារាប ទី៣-តំបន់បេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត និងទី៤-រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ៕