(ពោធិ៍សាត់)៖ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃទី៤ វារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន អមដំណើរដោយ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានអញ្ជីញបង្សុកូលនៅវត្តលលកសចាស់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីឧទ្ទិសមហាកុសល ផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ បុព្វបុរស អ្នកមានគុណ និងញ្ញាតិមិត្តដែលបានចែកឋានទៅក្នុងឋានបរមលោក ព្រមទាំងបានថ្វាយប្រគេនទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ជូនដល់ព្រះសង្ឃ ដូនជី និងតាជី ដែលបានគង់នៅវត្តលលកចាស់ និងប្រជាពលរដ្ឋមួយចំនួន។

បន្ទាប់ពីអញ្ជីញបង្សុកូលនៅវត្តលលកសចាស់ លោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹម យ៉ាន រួមនឹងក្រុមការងារ ក៏បានអញ្ជើញទៅបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ដែលមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ដើម្បីរៀបចំថ្វាយទាន ធូប កម្រងផ្កា និងគ្រឿងរណ្តាប់បូជា អុជ ទៀន ធូប បួងសួង ដល់លោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នេះ សូមឲ្យប្រមុខថ្នាក់ដឹកនាំ ស្ថាប័នជាតិ មន្រ្តីរាជការ កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិទាំងអស់ សូមឲ្យមានសុខភាពល្អ និងបន្តជោគជ័យគ្រប់ភារកិច្ច និងសូមឲ្យប្រជាជាតិខ្មែរជួបតែសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិច្ច៕