(បាត់ដំបង)៖ រយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី! ត្រូវនឹងថ្ងៃទី១៣,១៤,១៥ ខែមេសា ឆ្នាំ២០២៤នេះ ខេត្តបាត់ដំបង មានភ្ញៀវជាតិ និងអន្តរជាតិជាង ១,០៧៣,៦៤៦នាក់ មកលេងកម្សាន្តសប្បាយតាមរមណីយដ្ឋាននានា និងសង្រ្កានបាត់ដំបងនៅក្នុងក្រុងបាត់ដំបង។

បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា នាថ្ងៃសង្ក្រាន្ត ៣ថ្ងៃនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត បានមកទស្សនានៅតាមទីកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា នៅទីតាំងសង្រ្កាន្តក្នុងក្រុង-ខេត្តបាត់ដំបង សរុបមានចំនួន១,០៧៣,៦៤៦នាក់ក្នុងនោះមាន ភ្ញៀវទេសចរណ៍ជាតិចំនួនសរុប ១,០៧១,៥៥៥នាក់,មានភ្ញៀវទេសចរណ៍អន្តរជាតិចំនួនសរុប២,០៩១នាក់។

ក្នុងរបាយការណ៍បានលម្អិតថា ថ្ងៃទី១៣ ខែមេសា មានភ្ញៀវទេសចរណ៍ចំនួនសរុប ១៥៩,១៦៩នាក់ ,ភ្ញៀវទេសចរណ៍ជាតិចំនួន ១៥៨,៧១១នាក់,ភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៤៥៨នាក់ ។ ថ្ងៃទី១៤ ខែមេសា មានភ្ញៀវទេសចរណ៍ចំនួនសរុប ៣៩៥,១៨៩នាក់,ភ្ញៀវទេសចរណ៍ជាតិចំនួន ៣៩៤,៤៦៨នាក់, ភ្ញៀវទេសចរណ៍អន្តរជាតិ ៧២១នាក់។ ថ្ងៃទី១៥ ខែមេសា មានភ្ញៀវទេសចរណ៍ចំនួនសរុប ៥១៩,២៨៨នាក់,មានភ្ញៀវទេសចរណ៍ជាតិចំនួន ៥១៨,៣៧៦នាក់, មានភ្ញៀវទេសចរណ៍អន្តរជាតិ ៩១២នាក់។

លោក សុខ លូ អភិបាលខេត្តបានបញ្ជាក់ថា យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរ បានលម្អិតជូនខាងលើរួចហើយសម្រាប់ភ្ញៀវទេសចរណ៍មកលេងស្រុកកំណើតនិងភ្ញៀវបានឆ្លងកាត់មកលេងក្នុងខេត្តបាត់ដំបងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរចូលរួមកម្សាន្ត «សង្រ្កាន្តបាត់ដំបង» ជាច្រើននាក់យ៉ាងសប្បាយរីករាយ ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ គឺមិនមានបញ្ហាអ្វីដែលគួរឱ្យគាត់សម្គាល់នោះទេ៕