(រតនគិរី)៖ ថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មី រដ្ឋបាលខេត្តរតនគិរីបានរៀបចំ «សង្ក្រាន្តរតនគិរីឆ្នាំ២០២៤» នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត មានបងប្អូនប្រជាពលរដ្ឋ ចូលលេងកម្សាន្តយ៉ាងសប្បាយរីករាយយ៉ាងច្រើនកុះកររហូតដល់រាប់ពាន់នាក់ ក្នុងមួយថ្ងៃៗប្រកបដោយភាពស្និទ្ធស្នាល និងស្នាមញញឹម។

ការចូលរួមកម្សាន្តយ៉ាងសប្បាយរីករាយនេះក៏បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរមានឱកាសគ្រប់គ្រាន់ក្នុងការជួបជុំសប្បាយរីករាយ ក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

រយៈពេល៣ថ្ងៃនេះ គេបានសង្គេតឃើញមានវត្តមានលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏បានចូលរួមលេងក្នុងកម្មវិធីសង្ក្រាន្តរតនគិរីនេះយ៉ាងសប្បាយរីករាយ ជាមួយប្រជាពលរដ្ឋប្រកបដោយស្នាមញញឹម ភាពស្និតស្នាល និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកផងដែរ។

លោក វ៉ាន់ សោភា អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈបានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះថាកម្លាំងសមត្ថកិច្ចចម្រុះក៏ត្រូវបានដាក់ពង្រាយការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំដៅធានាឲ្យកម្មវិធីសប្បាយនេះបានប្រព្រឹត្តទៅដោយរលូន៕