(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្ដដឹកនាំកងកម្លាំងនគរបាលរាជធានីភ្នំពេញ យ៉ាងសស្រាក់សស្រាំដើម្បីបំពេញកាតព្វកិច្ចក្នុងធានាដល់សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ពិសេសនៅតំបន់សង្ក្រាន្ដវត្តភ្នំ។

ជាការកត់សម្គាល់ រហូតមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ តែងដឹកនាំកម្លាំងដោយផ្ទាល់ ហើយប្រចាំការនៅគោលដៅវត្តភ្នតែម្ដង ដើម្បីធានាដល់បំពេញតួនាទីភារកិច្ច លើការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រៅពីគោលដៅសប្បាយនៅសង្ក្រាន្ដវត្តភ្នំ ជារួមសភាពការណ៍នៅទូទាំងរាជធានីភ្នំពេញ ក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ គឺត្រូវធានាបានយ៉ាងល្អប្រសើរគ្រប់ទីតាំងសប្បាយដ្ឋានទាំងអស់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា កម្លាំងនគរបាលរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងផែនការពារសន្តិសុខនៅតាមតំបន់សប្បាយដ្ឋានទាំងអស់ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោងនេះ។

លោកថា កម្លាំងសមត្ថកិច្ចបានប្រើប្រាស់នូវមធ្យោបាយ និងសម្ភារ បម្រើលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរាជាតិ ដែលទៅកម្សាន្តសប្បាយរីករាយ។

កម្លាំងទាំងអស់បំពាក់ទៅដោយឧបករណ៍ សម្ភារដែលបម្រើឲ្យកិច្ចការពារសន្តិសុខ ក្នុងនោះមានកម្លាំងល្បាតត្រួតពិនិត្យជាប្រចាំ ប្រើប្រាស់កម្លាំងប្រចាំបញ្ជា កម្លាំងការពារគោលដៅទីតាំងសប្បាយភាព វត្តអារាម ទីផ្សារតូចធំ រមណីដ្ឋានផ្សេងៗ និងប្រើប្រាស់កម្លាំងរក្សាសន្តិសុខសម្រួលដោះស្រាយចរាចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិសេសនៅតំបន់ដែលមានចរាចរមមាញឹក៕