(កំពត)៖ លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បានប្រាប់​ឲ្យ​ដឹងថា ខេត្ត​កំពត រយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺថ្ងៃ​ទី១៣ និងទី១៤ ខែ​មេសា ឆ្នាំ២០២៤ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​​អន្តរជាតិប្រមាណជាង ៨៩៣,៦០២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៨៩១,៤១៨នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ២,១៨៤នាក់។

បើ​តាម​ការ​កត់សម្គាល់​ឃើញ​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​តតំបន់ភូមិកំពត, រមណីយដ្ឋាន​តតំបន់ដូង​ទេ ឧទ្យានជាតិព្រះមុនីវង្សបូកគោ, តំបន់កោះស្មៅ, រមណីយដ្ឋានតំបន់ទឹកឈូ និង​តំបន់​រមណីយដ្ឋាន​នជនជាច្រើនផ្សេងទៀនៃខេត្ត​កំពត។
តាមលោក សយ ស៊ីណុល ពាក់ព័ន្ធសេវាកម្មស្នាក់នៅ រយៈពេល ២ថ្ងៃនេះ ភ្ញៀវបានកក់ និងស្នាក់នៅតាមបណ្ដាសណ្ឋាគារផ្ទះសំណាក់ និងស្នាក់នៅតាមរមណីយដ្ឋាន ស្ទើរតែពេញ ១០០%។

ដោយឡែកសេវាកម្មហូបចុក គឺមានកន្លែងជាច្រើន ដែលផ្តល់ភាពងាយស្រួល សម្រាប់ឲ្យភ្ញៀវរកទទួលទានបាន។ ចំពោះសភាពការណ៍ទូទៅ នៅតាមរមណីយដ្ឋាន និងកន្លែងទេសចរណ៍កម្សាន្តផ្សេងៗ គ្មានអ្វីប្លែកគួរឲ្យកត់សម្គាល់នោះទេ គឺធានាបានសុខសុវត្ថិភាព សណ្ដាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ បានយ៉ាងល្អប្រសើរ។

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៤ថ្ងៃ ក្រោមការដឹកនាំ និងចង្អុលបង្ហាញ ពីសំណាក់លោកអភិបាលខេត្តកំពត ម៉ៅ ធនិន បានបញ្ជា និងណែនាំដល់ជួរថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានប្រើប្រាស់ពាក់ព័ន្ធកម្លាំង ប្រមាណជាង ១០០០នាក់ ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ភ្ញៀវទេសចរណ៍គ្រប់រូបភាព សំដៅធ្វើឲ្យពិធីនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ កាន់តែអធិកអធម្ម និងមានភាពល្បីល្បាញ សម្រាប់មោទនភាពនៃខេត្តកំពតមួយនេះផងដែរ៕