(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងក្រុមគ្រួសារ បាននាំយកចង្ហាន់គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃទៅប្រគេនព្រះគ្រូចៅអធិការវត្តចំនួន៥វត្ត នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។

ក្នុងនាមជាសាសនិកកាន់ព្រះពុទ្ធសាសនា លោកស្រីបានឧទ្ទិសកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិទៅកាន់លោកខាងមុខសូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកស្រីបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រទេសជាតិមានសុខសន្តិភាព ហើយប្រជាពលរដ្ឋមានឱកាសបានធ្វើបុណ្យធ្វើទានជាពិសេស គឺបានឲ្យរៀបចំសង្ក្រាន្តនៅតាមបណ្ដាខេត្តក្រុងស្រុក ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋសប្បាយរីករាយ។

លោកស្រី ឃួន ឃុនឌី បានអំពាវនាវឲ្យចិត្តប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នកុំឲ្យមានការធ្វើប្រហែស ពិសេសចំពោះការបើកបរត្រូវគ្រប់ច្បាប់ចរាចរណ៍ ហើយមុនចេញទៅណាមកណាត្រូវប្រុងប្រយ័ត្នចំពោះអគ្គីភ័យកើតឡើងជាយថាហេតុ និងអប់រំកូនចៅឲ្យចេះឆ្ងាយពីគ្រឿងញៀន។

គួរបញ្ជាក់ថា វត្តទាំង៥មាន៖ វត្តឥន្ត្រីយ៍សំវរះ (ហៅវត្តកំពង់ធំ) វត្តសែនសិរី វត្តកំពង់ស្វាយ វត្តក្ដីចារ្តិ និងវត្តចាន់ម៉ូលី៕