(ស្វាយរៀង)៖ ក្នុងថ្ងៃទី៣នៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង បានពិនិត្យការជួបជុំសប្បាយរីរាយរបស់ប្រជាពលរដ្ឋនៅតាមវត្តអារាមនានាក្នុងខេត្តដែលមានការរៀបចំសង្ក្រាន្ត​។

ក្នុងនោះសម្តេចបានទស្សនាការរៀបចំស្តង់ពិព័រណ៍​ និងកម្មវិធីកម្សាន្តសប្បាយនៃសង្ក្រាន្តស្វាយរៀង​ ដែលជាថ្ងៃចូលឆ្នាំ (ថ្ងៃទី៣​)​ សង្ក្រាន្តស្វាយរៀងមាន​ប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយប្រមាណ​ ៦៥,០០០នាក់​ ក្នុងនោះភ្ញៀវបរទេសប្រមាណ១,០០០នាក់។

នៅក្នុងឱកាសចុះពិនិត្យមើលការសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងពីសំណាក់សម្ដេច ម៉ែន សំអន ក៏មានការចូលរួមលោកស្រី ដួង​ វណ្ណា​ តំណាងរាស្ត្រមណ្ឌលស្វាយរៀង​ លោក​ ម៉ែន​ វិបុល​, លោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ និងលោកស្រី ព្រមទាំងសហការី​ផងដែរ។

សូមបញ្ជាក់ថា ខេត្តស្វាយរៀងក៏មានរៀបចំសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយតាមវត្តអារាមនានា និងការប្រគំតន្ត្រី មានរយៈពេល៣ថ្ងៃគឺថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបានចូលរួមចំណែកថែរក្សា វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដូនតារបស់ខ្មែរដែលមានតាំងពីបុរាណកាលរៀងមក។

រដ្ឋបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្វាយរៀង ក៏ដូចជាខេត្តដែលមានព្រំប្រទល់ជាប់គ្នា សូមមកចូលរួមលេងកម្សាន្តឲ្យបានច្រើនកុះករផងដែរ៕