(ព្រៃវែង)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី សសុខា នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤នេះ ដែលត្រូវជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានដឹកនាំប្រជាពលរដ្ឋលេងកម្សាន្ដ «សង្ក្រាន្ដព្រៃវែង»។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តព្រៃវែងចាប់ផ្ដើមបើកព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង បាន៣ថ្ងៃ គឺចាប់គិតពីថ្ងៃទី១២, ១៣,១៤ ខែមេសាឆ្នាំ២០២៤ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកទស្សនាកម្សាន្ត តាមរមណីយដ្ឋាននានា និងព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែងមានជាង៦០ម៉ឺននាក់។

នៅរាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី រួមជាមួយនឹងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំង អភិបាលរងខេត្ត មន្ត្រីរាជការ បានអញ្ជើញបង្ហោះគោម ដើម្បីអបអរសាទរសង្ក្រាន្តព្រៃវែងឆ្នាំ២០២៤ ផងដែរ។

ចំណែកសន្តិសុខសណ្តាប់ធ្នាប់វិញ ពុំមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយកងកម្លាំងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ។

ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ប្រារព្ធឡើងមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបានចូលរួមចំណែកថែរក្សា វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដូនតារបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមក មានការតាំងបង្ហាញពិព័រណ៍ពាណិជ្ជកម្ម ល្បែងប្រជាប្រិយគ្រប់ប្រភេទ និងគ្រប់ទម្រង់ សូមអញ្ជើញប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រៃវែង ក៏ដូចជាខេត្តដែលមានព្រំប្រទល់ជាប់គ្នា អញ្ជើញមកចូលរួមលេងកម្សាន្តនៅសង្ក្រាន្តព្រៃវែងឲ្យបានច្រើនកុះករ៕