(ភ្នំពេញ)៖ ការរៀបចំអនាម័យនិងសោភ័ណភាពនៅតាមកន្លែងសាធារណៈ តំបន់ទេសចរណ៍ វត្តអារាម និងមូលដ្ឋាន នៅទូទាំងប្រទេស ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានល្អប្រសើរ មានភាពស្រស់ស្អាត និងមានបរិស្ថានល្អ ជាទីគយគន់របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកចូលរួមកម្សាន្ត សប្បាយរីករាយក្នុងរដូវបុណ្យទាននៅកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់ របស់លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឆ្លើយតបជាមួយភ្នាក់ងារព័ត៌មាន Fresh News នាថ្ងៃទី៣ ថ្ងៃវរៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា មុនរដូវបុណ្យចូលឆ្នាំថ្មី ក្រសួងបរិស្ថានបានជូនដំណឹងជាសាធារណៈ ជំរុញឱ្យសាធារណជនមានការយកាចិត្តទុកដាក់លើការវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

ជាមួយគ្នានេះ មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បានខិតខំសហការរៀបចំ ជាមួយអាជ្ញាធរមូលដ្ឋាន នៅគ្រប់ទីកន្លែង មានទុកដាក់សំរាមបានល្អ បានរៀបចំក្រុមសំអាតអនាម័យ និងមានការផ្សព្វផ្សាយបញ្រ្ជាបចំណេះដឹង ដល់ប្រជាពលរដ្ឋឱ្យចូលរួមសំអាតអនាម័យបរិស្ថាន និងទុកដាក់សំរាមត្រឹមត្រូវ នៅតាមធុងសំរាម។ លើសពីនេះ ប្រជាពលរដ្ឋបានចូលរួមមិនប្រើប្រាស់ថង់ប្លាស្ទិក ឌេលចំណុចគួរឱ្យគាត់សំគាលនៅឆ្នាំនេះ ជាពិសេសមិនលែងគប់ទឹក ដែលច្រកទឹកក្នុងថង់ប្លាស្ទិកទៀតហើយ។ ការចូលរួមនេះបានអនុវត្តទូទាំងប្រទេស ដើម្បីកាត់បន្ថយសំរាមប្លាស្ទិក និងផលប៉ះពាល់នានា។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ការប្រែប្រួលឥរិយាបទវិជ្ជមាន នៃការទុកដាក់សំរាម នៅក្នុងឆ្នាំនេះ ជាការរួមចំណែកមួយយ៉ាងសំខាន់ថែមទៀត បន្ទាប់ពីរាជរដ្ឋាភិបាលបានទតួលជោគជ័យយ៉ាងត្រចះត្រចង់ លើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដោយសារមានប្រជាពលរដ្ឋទូទាំងប្រទេស ចំនួនជិត៨លាននាក់ ហើយក្នុងនោះសិស្សានុសិស្ស ចំនួនជាង ៣,៤ លាននាក់ បានចូលរួមដោយផ្ទាល់ និងមានប្តេជ្ញាចិត្តឈប់ប្រើថង់ប្លាស្ទិក យ៉ាងតិច១ថ្ងៃក្នុង១សប្តាហ៍។

សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងកាលពីពេលថ្មីៗនេះថាភាពស្អាត និងសុខភាពប្រជាពលរដ្ឋ ជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិក ដើម្បីសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិគ្មានការបំពុលពីសំណល់សំរាម-ប្លាស្ទិក។

ទន្ទឹមនឹងនេះ ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមរៀបចំប្រមូលទុកដាក់សំណល់ និងញែកឱ្យបានត្រឹមត្រូវ គិតគូរដល់សំរាម ដែលអាចកែច្នៃ និងប្រើប្រាស់ឡើងវិញ និងសំរាមដែលចាក់ចោល គួរទុកដាក់នៅទីលានឱ្យបានត្រឹមត្រូវ។

ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូសហការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យបរិស្ថាន ទុកដាក់សំរាមបានត្រឹមត្រូវ ព្រមទាំងចូលរួមសំអាតអនាម័យបរិស្ថាន ជាពិសេសលុបបំបាត់សំណល់ប្លាស្ទិក នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាដើម៕