(បន្ទាយមានជ័យ)៖ តាមការអះអាងរបស់សមត្ថកិច្ចទាំង៣អង្គភាពក្នុងនោះមាន កម្លាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងកម្លាំងសឹករងខេត្តបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ទិដ្ឋភាពក្នុងខេត្តបន្ទាយមានជ័យនៅល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋប្រុសស្រីក្មេងៗ ស្ទើររាប់ម៉ឺននាក់នាំគ្នាជិះម៉ូតូពីតាមក្រុង ស្រុក សម្រុកមកលេង ក្នុងសួនមានជ័យ រាំលេងប៉ោតម្សៅ សប្បាយយ៉ាងអើងកង នៅគេហដ្ឋានតាមដងផ្លូវជាតិ មានសន្តិសុខល្អ មានក្មេងលេងបាញ់ទឹកតិចតួច និងប៉ាតម្សៅ ដូចឆ្នាំមុនៗនោះឡើយ។

លោកវរសេនីយ៍ត្រី សុក ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់គណះបញ្ជាការឯកភាពខេត្តនិងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កំលាំងអាវុធហត្ថ និងនគរបាលទាំងអស់ដែលចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្នងការខេត្ត ត្រូវពង្រឹងសន្តិសុខឲ្យបានដាច់ខាតក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនៅខេត្តបន្ទាយមានជ័យ ប្រពៃណីជាតិ ឲ្យបានម៉ឺងម៉ាត់។

លោកវរសេនីយ៍ត្រី សុកឡេង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា
គេសង្កេតឃើញភាគច្រើនមាន យុវជន យុវនារី ក្មេងៗបានធ្វើដំណើរចេញពី ស្រុកផ្សេងៗ មកកម្សាន្តលេងនៅសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានលេងចាក់ទឹក បាញ់ទឹកសាប៊ូ ដេញប៉ាតម្សៅគ្នា ចំណែកនៅតាមគហដ្ឋាន និងនៅតាមដងផ្លូវជាតិក៏មានលេងចាក់ទឹក និងប៉ាតម្សៅផងដែរ តែតិចជាងឆ្នាំមុនៗ ហើយទីតាំងកម្សាន្តនានា ដែលអាជ្ញាធរខេត្តបានរៀបចំនៅក្នុង ស្រុក ក្រុងទាំង៩ក៏មានលេងរាំច្រៀង ប៉ាតម្សៅ ផងដែរ តែលេងមានក្រមសីលធម៍ល្អ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្នុងខេត្តបន្ទាយមានជ័យក៏មានការប្រគំតន្ត្រីរាំកម្សាន្តនៅក្នុងសួនមានជ័យនៅពេលយប់និងនៅតាមវត្តអារាមក៏មានលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរផ្សេងៗជាច្រើនមុខ ដោយឡែកនៅតាមមូលដ្ឋាន សហគមន៍ ក៏មានការរៀបចំល្បែងប្រជាប្រិយ និងល្បែងកម្សាន្តផ្សេងៗជាច្រើនផងដែរ ដើម្បីឲ្យពលរដ្ឋនិងភ្ញៀវទេសចរមកលេងកម្សាន្តប្រកបដោយសន្តិសុខល្អប្រសើផងផងដែរ។

លោកវរសេនីយ៍ត្រី សុក ឡេង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា យុវជន យុវនារីដែលមកលេងនោះមានស្នាមញញឹម  ប្រកបដោយ ភាពសប្បាយ រីករាយ ជាមួយ សង្ក្រាន្តឆ្នាំថ្មី រាំលេងកម្សាន្តលេងប៉ាតម្សៅ និងចាក់ទឹកជាដើម។

គួរបញ្ជាក់ផងដែថា ក្នុងសួនមានជ័យមានដើមឈើជាជំរក មានលក់របស់ហូបគ្រប់មុខ ម្លប់ត្រឈឹងត្រឈៃ អ្នកមកលេងនៅទីនោះបានបង្ហាញពីក្ដីសប្បាយរីករាយ ដែលបាននាំក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ដើរលេងកម្សាន្ដ ក្នុងឪកាសបុណ្យចូលឆ្នាំនេះ៕