(ត្បូងឃ្មុំ)៖ រយៈពេល២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងនៅថ្ងៃទី១៣ និង១៤ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក នៅទូទាំងខេត្តត្បូងឃ្មុំមានភ្ញៀវទេសចរដើរលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានាសរុបចំនួន ២២១,៣០០នាក់។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឱ្យដឹងទៀតថា ក្នុងនោះនាថ្ងៃទី១៣ ខែមេសា មានភ្ញៀវទេសចរសរុបមានចំនួន១០០,៧៧០នាក់ និងថ្ងៃទី១៤ ខែមេសា មានចំនួន១២០,៥៣០នាក់។

ចំពោះតំបន់ដែលមានពលរដ្ឋទៅលេងច្រើនជាងគេ គឺនៅបុរីរដ្ឋបាលទីរួមខេត្ត ដែលរដ្ឋបាលខេត្តរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តត្បូងឃ្មុំ» រយៈពេល២ថ្ងៃ មានភ្ញៀវទេសចរសរុបប្រមាណ១៧៦,០០០នាក់។ ក្រោមការដឹកនាំរៀបចំដោយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន នៅរង្វង់មូលមុខសាលាខេត្តត្បូងឃ្មុំ។

សូមជម្រាបថា ព្រឹត្តិការណ៍សង្ក្រាន្តត្បូងឃ្មុំ ឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ទាញព្រ័ត្រ, លាក់កន្សែង, វាយក្អម, ឡើងសសរខា្លញ់។ ជាមួយគ្នានេះ ក៏មានរៀបចំ «តំបន់ត្រជាក់» បាញ់ទឹក និងប្រគុំតន្រ្តីរាំលេងកម្សាន្តសប្បាយ។

បន្ថែមពីនេះ មានកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត ព្រមទាំងរៀបចំស្តង់ពិព័រណ៍ ការប្រគុំតន្រ្តីសម័យ និងការបាញ់កាំជ្រួច អមជាមួយការតុបតែងភ្លើងលម្អនាពេលរាត្រីយ៉ាងស្រស់ស្អាតផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំសង្ក្រាន្តត្បូងឃ្មុំ នៅទីរួមខេត្ត រយៈពេល៤ថ្ងៃ គឺថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាបង្កបរិយាកាសសប្បាយរីករាយជូនពលរដ្ឋ (ក្រោមម្លប់សុខសន្តិភាព) ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕