(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការ ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ “សង្ក្រាន្ត” ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស២០២៤ ដែលឈានចូលមកដល់នៅរាត្រីថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ២២:១៧ នាទីយប់ ខ្ញុំ និងភរិយាសូមជូនសព្ទសាធុការពរបវរសួស្តីសិរីមង្គល វិបុលសុខគ្រប់ប្រការសូម សម្តេចមហារដ្ឋសភាធិការធិបតី មានសុខភាពបរិបូណ៌ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាវាងវៃ ដើម្បីសម្តេចមានថាមភាពរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិរីកចម្រើនលើគ្រប់វិស័យ ជីវភាពប្រជាជនសម្បូររុងរឿងថ្កុំថ្កើង ត្រជាក់ត្រជំសុខដុមរមនាជាភិយ្យោភាពដរាបរៀងរាបអង្វែងតទៅ។

ក្នុងទិវាជយាតិរេកអនេកប្បការនេះផងដែរ ខ្ញុំនិងភរិយា សូមអនុញ្ញាតថ្លែងជូននូវសម្ភាវកថាប្រកបដោយ សមានចិត្តគោរពកោតស្ញប់ស្ញែងដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលជានិច្ចកាល សម្តេចតែង បំពេញកាតព្វកិច្ចក្នុងភាពជាអ្នកដឹកនាំប្រកបដោយឆន្ទៈនយោបាយចាស់ទុំស៊ីជម្រៅជ្រៅជ្រះ នីតិកោសល ច្បាស់លាស់ ម៉ឺងម៉ាត់ ប្រសិទ្ធភាពរបៀបជឿនលឿនក្នុងក្របខណ្ឌប្រជាធិបតេយ្យ នីតិរដ្ឋពេញលេញ ធានាបាននិរន្តរភាព និង ជោគជ័យធំធេងជាបន្តបន្ទាប់។

ជាថ្មីម្តងទៀត ខ្ញុំ សូមសម្បូងសង្រូងដល់តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិផងទាំងឡាយលើលោកជាអាទិ៍ ទេវតារក្សា ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទេពធីតារក្សាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមលោកអភិបាល គ្រងរក្សាប្រោះព្រំ ពរជ័យជូន សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា និងក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ៕