(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ “សង្ក្រាន្ត” ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ.ស. ២០២៤ វេលាម៉ោង ២២:១៧នាទីយប់ ជាថ្ងៃចូលឆ្នាំថ្មី ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការ អបអរសាទរជាមួយមនោសញ្ចេតនាសប្បាយរីករាយឥតឧបមា ប្រកបដោយសេចក្តីគោរព ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់យ៉ាងជូន សម្តេចវិបុល សេនាភក្តី និង លោកជំទាវ។

សម្តេចវិបុលសេនាភក្តី គឺជាអ្នកដឹកនាំដ៏ឆ្នើមមួយរូប ដែលនាពេលកន្លងមក បានខិតខំយកអស់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីចូលរួមចំណែកកសាងប្រព័ន្ធច្បាប់សម្រាប់ប្រើប្រាស់ ដើម្បីជាឧត្តមប្រយោជន៍ ដល់សង្គមជាតិទាំងមូល ដោយបង្កើតនូវស្នាដៃ និងសមិទ្ធផលគួរឱ្យស្ញប់ស្ញែងបំផុត នាំមកនូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។

ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិ ទាំងឡាយលើលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី សូមមេត្តាតាមជួយបីបាច់ថែរក្សា ប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចវិបុលសេនាភក្តី និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីទាំងអស់ សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តី សុខចម្រើន មានសុខុមាលភាពល្អបរិបូរណ៍ និងសូមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕