(ភ្នំពេញ)៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ “សង្ក្រាន្ត” ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤។

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស. ២០២៤ វេលាម៉ោង២២:១៧នាទីយប់ ជាថ្ងៃចូលឆ្នាំថ្មី ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរជាមួយមនោសញ្ចេតនាសប្បាយរីករាយឥតឧបមា ប្រកបដោយសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ព្រមទាំងសូមជូនពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់យ៉ាងជូន សម្តេចកិត្តិសង្គហបណ្ឌិត។

សម្តេចកិត្តិសង្គហបណ្ឌិត ជាថ្នាក់ដឹកនាំស្ត្រីមួយរូប ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការរួមចំណែកដ៏ធំធេងក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ពោរពេញទៅដោយគុណធម៌ និងគំរូវីរភាពដ៏ប្រពៃ ពិសេសតែងតែខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិនារី ការពារអត្តសញ្ញាណជាតិ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ជាតិដ៏ល្អផូរផង់ ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជន។

ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា នៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទ សាធុការពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅ ប្រុសចៅស្រីជាទីស្រលាញ់ សូមបានប្រកបនឹងព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕