(ភ្នំពេញ)៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ “សង្ក្រាន្ត” ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ្រិស្តសករាជ២០២៤ វេលាម៉ោង ២២:១៧នាទីយប់ ជាថ្ងៃចូលឆ្នាំថ្មី ក្នុងនាម សមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការ អបអរសាទរជាមួយមនោសញ្ចេតនាសប្បាយរីករាយឥតឧបមា ប្រកបដោយសេចក្តីគោរពស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់យ៉ាងជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា។

សម្តេចអគ្គមហាពញាចក្រី ជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលមានទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ និងខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច រីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងបានលះបង់សព្វគ្រប់បែប យ៉ាង ដើម្បីរួមចំណែកស្វះស្វែងរកមហាសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាឱ្យទទួលបានភាព សម្បូរសប្បាយរុងរឿង ធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងមានជីវភាពឈានឡើង ជាបន្តបន្ទាប់។

ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិ ទាំងឡាយលើលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី សូមមេត្តាតាមជួយបីបាច់ថែរក្សា ប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីទាំងអស់ សូមមាន ជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខចម្រើន មានសុខុមាលភាពល្អបរិបូរណ៍ និងសូមប្រកបដោយព្រះពុទ្ធពរ ដ៏ប្រពៃថ្លៃថ្លាបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕