(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងភរិយា បានអញ្ជើញកម្សាន្ដសប្បាយព្រឹត្តិការណ៍សង្ក្រាន្តស្រុកស្ទោងនៅវត្តឥន្ទរង្សី ហៅវត្តហប់ ស្ថិតនៅក្នុងភូមិទទា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លោកអភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ពុក ម៉ែ បងប្អូន ដែលតែងតែគាំទ្រដល់រដ្ឋបាលស្រុកស្ទោង ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការសហការ និងគាំទ្រ កសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើន ជាពិសេសនាំគ្នាថែរក្សានៅទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរឲ្យបានគង់វង្ស។

ជាមួយគ្នានេះ គឺជាការអរគុណ ទេវតាឆ្នាំចាស់ ដែលបានថែរក្សាប្រជាពលរដ្ឋ និងទឹកដីស្រុកស្ទោងប្រកបដោយសុខដុមរមនា និងស្វាគមន៍ទេវតាឆ្នាំថ្មី «មហោទរទេវី» និងជាការអបអរសាទរព្រមទាំងសុំពរសព្វសាធុការគ្រប់បែបយ៉ាង ពីទេវតាឆ្នាំថ្មីក្នុងការថែរក្សាឃុំគ្រងទឹកដី និងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងឲ្យបានសុខចម្រើនរុងរឿងតទៅ។

លោកបានបួងសួងដល់ទេវតាឆ្នាំថ្មី សូមថែរក្សាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមឲ្យបានជួបប្រទះតែសេចក្តីសុខចម្រើន និងពុទ្ធពរទាំងឡាយបួនប្រការ កុំបីអាខានឡើយ។

លោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងបញ្ហាអគ្គីភ័យ ក៏ដូចជាបើកបរដោយប្រុងប្រយ័ត្ន ត្រូវគោរពចរាចរណ៍ និងថែរក្សាសុខភាពឲ្យបានមាំមួន។

លោកអភិបាលស្រុក និងសហការី បានអញ្ជើញលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ កម្សាន្ដសប្បាយ ជាមួយនឹងប្រជាពលរដ្ឋ ក៏ដូចជាចំណុះជើងវត្តយ៉ាងសប្បាយរីករាយ ដែលមានអ្នកចូលរួមប្រមាណប្រហែលជិត២ម៉ឺននាក់៕