(កណ្ដាល)៖ កម្លាំងនគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកវរសេនីយ៍ទោ គង់ សុភារិទ្ធ ស្នងការរងនគរបាលខេត្ត ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជូនប្រជាពលរដ្ឋបានយ៉ាងល្អ រក្សាបានបរិយាកាសសប្បាយរីករាយ។

គួរជម្រាបថា រដ្ឋបាលស្រុកល្វាឯមបានរៀបចំព្រឹត្តិការណ៍អបអរសាទរទទួលទេវតាឆ្នាំថ្មី ដោយរៀបចំកម្មវិធីសម្បូរបែប មានសិល្បៈ តន្ត្រី សម្ដែង បង្ហាញស្នាដៃសិស្សជាដើម ជាមួយការថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដែលមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំគ្នាទៅលេងកម្សាន្ដយ៉ាងសប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព។

ចាប់ពីថ្ងៃទី១៣ដល់១៤ ខែមេសា ដែលត្រូវនឹងថ្ងៃទី១និងទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីគ្រប់មជ្ឈដ្ឋានបានមកលេងកម្សាន្ដយ៉ាងសប្បាយរីករាយ នៅទីតាំងចំនួន២ គឺនៅទល់មុខវិទ្យាល័យទឹកឃ្លាំង និងឆ្នេរកោះស្នេហ៍ ដែលមានខ្សាច់ស្អាតផងដែរ។

រដ្ឋបាលស្រុកក៏មានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើម ស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌ជាដើម។

ដើម្បីឲ្យការរៀបចំកម្មវិធីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការ កកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ច ពិសេសញ៉ាំងកម្មវិធីឲ្យដំណើការរលូនល្អ លោកនិងក្រុមការងារបានខិតខំរៀបចំតាំងពីកន្លះខែមុនមកម្លេះ ដើម្បីធានាបានថា កម្មវិធីសង្ក្រាន្តស្រុកល្វាឯម ប្រព្រឹត្តិទៅដោយរលូនល្អបំផុត៕