(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងអភិបាលរងស្រុក នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកម្មវិធីសង្ក្រាន្តវត្តគុហនគរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមការផ្តួចផ្តើមដោយព្រះគ្រូ តុន ពិសី ព្រះចៅអធិការវត្តគុហនគរ។

លោក ហាក់ ម៉ុងហួត បានថ្លែងថា រដ្ឋបាលស្រុកតាំងគោកបានដឹកនាំក្រុមការងារ មកចូលរួមកម្មវិធីសង្ក្រាន្ដនេះ ដើម្បីឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ជាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ តាំងពីបុរាណកាលមកនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋបានជួបជុំគ្នា ជួបជុំគ្រួសារនៅផ្ទះ មកលេងកន្លែងសង្រ្កាន្តដោយមកសប្បាយរីករាយ ជាមួយការលេងល្បែងប្រជាប្រិយផ្សេងៗ ដូចជា វាយក្អម បោះអង្គុញ លោតបាវ ឡើងសសរខ្លាញ់ ទាញព្រ័ត្រជាដើម។

លោកបន្ដថា បន្ទាប់ពីប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ទើបធ្វើឲ្យប្រជាពលរដ្ឋទូទៅមានសេចក្តីសុខ និងសុខសុវត្ថិភាព នឹងធ្វើឱ្យប្រទេសជាតិមានភាពសម្បូរសប្បាយ និងបានធ្វើនូវសង្រ្កាន្តឆ្នាំថ្មីនេះឡើង។

ទន្ទឹមនឹងការរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ គឺបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងឃុំ ក៏ដូចជាស្រុកតាំងគោក តាមរយៈការទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តកាន់តែច្រើនឡើងថែមទៀតផង។ ម៉្យាងទៀតក៏ជាការផ្ដល់នូវភាពសប្បាយរីករាយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាសំខាន់ឆ្លុះបញ្ចាំងពីការសាមគ្គីភាព មិត្តភាព ក្នុងចំណោមមហាក្រុមគ្រួសារខ្មែរទាំងអស់ ក្នុងស្រទាប់យុវជន ជាពិសេសដើម្បីបង្ហាញអំពីកេរដំណែលវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ខ្មែរ ជាមោទនភាពជាតិ។

លើសពីនេះ ដើម្បីផ្តល់ឱកាសដល់ក្រុមការងារបានចូលរួមកម្សាន្ត សប្បាយ ក្រោយការខិតខំបំពេញការងារពេញមួយឆ្នាំ និងបន្តការខិតខំសម្រាប់ឆ្នាំថ្មី តាមរយៈការចូលរួមលេងល្បែងប្រជាប្រិយ ដែលរួមមាន៖ វាយក្អម បោះអង្គុញ លោតបាវ ឡើងសសរខ្លាញ់ ទាញព្រ័ត្រជាដើម៕