(ព្រះសីហនុ)៖ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងសមត្ថកិច្ចរួមគ្នា ពង្រឹងផ្នែកសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ការងារទីក្រុងស្អាត រក្សាអនាម័យតាមបណ្តាឆ្នេរ បរិស្ថានស្អាត។

លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំរយៈពេល៤ថ្ងៃ រដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ និងពាក់ព័ន្ធ បានចុះណែនាំដល់ក្រុមហ៊ុនវិស័យឯកជន អាជីវករលក់ដូរតាមឆ្នេរ ត្រូវរក្សាតម្លៃនៅសេវាកម្មផ្សេងៗ ដើម្បីធ្វើឲ្យយ៉ាងណាកុំឲ្យមានការលើកឡើងមិនល្អពីមតិមហាជន។

លោកបន្តថា ទីតាំងទាំងអស់ខាងសុទ្ធសឹងតែមានការប្រគុំតន្ត្រីរាំលេងបែបប្រពៃណីខ្មែរ របាំបុរាណ លេងល្បែងប្រជាប្រិយ លេងបាញ់ទឹក ដើម្បីទទួលស្វាគមន៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ មកលេងកម្សាន្ដឲ្យបានសប្បាយរីករាយប្រកដោយស្នាមញញឹម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។

សម្រាប់សន្តិសុខសណ្តាប់ធ្នាប់ ត្រូវការពារឲ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពោលកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានទាំងអស់ រាយកម្លាំងតាមទៅតាមទីតាំងសំខាន់ៗ ឆ្នេរ រមណីយដ្ឋាននានា និងរៀបចំផ្លូវសម្រាប់ឯកទិស (កន្លងមកជាផ្លូវមានការកកស្ទះ) ពោលដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងថ្ងៃចូលឆ្នាំនេះ៕