(ព្រះវិហារ)៖ លោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ បានថ្លែងប្រាប់កងទ័ពចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តទាំងអស់ ត្រូវត្រៀមខ្លួនជានិច្ចការពារសន្តិសុខ សុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រជាពលរដ្ឋកំពុងតែអបអរសាទរ និងជួបជុំគ្នាលេងល្បែងប្រជាប្រិយកំសាន្តផ្សេងៗ។

ការថ្លែងដាក់បទបញ្ជារបស់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ក្នុងឱកាសដែលលោកដឹកនាំ នាយទាហាន នាយទាហានរង ចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ស្តីពីផែនការការពារសន្តិសុខ សុវត្ថិភាព និងត្រៀមចុះជួយប្រជាពលរដ្ឋនៅពេលមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ ពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

បន្ថែមលើសពីនេះ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ​ បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ ត្រូវត្រៀមលក្ខណអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង រងចាំបទបញ្ជារបស់ថ្នាក់លើ និងតាមស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ការពារសន្តិសុខ សុវត្ថិភាព និងជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបហេតុការណ៍ផ្សេងៗជាយថាហេតុ ដែលកើតមានឡើងក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន៕