(សៀមរាប)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ ក្រុមអ្នកសារព័ត៌មានមកពីចំនួន៦ប្រទេស បានមកទស្សនកិច្ចសិក្សាស្វែងយល់ អំពីព័ត៌មាននៃព្រឹត្តិការណ៍ «សៀមរាបសង្រ្កាន្ត» នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ។ ក្នុងនោះដែរ មានចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម នៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប។

កម្មវិធីនេះដែរ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក ហាស់ សំអាត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប, លោក Lu Qizhi តំណាងស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ព្រមទាំងលោក លោកស្រីក្រុមការងារក្រសួងចូលរួមផងដែរ។

លោក សំកុល សុចិត្រា បានលើកឡើងថា ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា បានកំពុងទទួលសាទរបុណ្យចូលឆ្នាំថ្មី ព្រមទាំងបានចូលរួម និងធ្វើការផ្សព្វផ្សាយពីព្រឹត្តិការណ៍ជារួមសម្រាប់កម្មវិធី «សៀមរាបសង្ក្រាន្ត» ទៅដល់អស់លោក លោកស្រី ដែលជាអ្នកសារព័ត៌មានអញ្ជើញមកពីតាមបណ្តាប្រទេសផ្សេងនៅក្នុងថ្ងៃនេះ។ លោកបានបន្តថា ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា និងខេត្តសៀមរាប បានចូលរួមយ៉ាងសកម្ម ដើម្បីរៀបចំព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នៅបរិវេណទឹកដីអង្គរ នាខេត្តសៀមរាប ដែលជាគំនិតផ្តួចផ្តើម របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងបានចូលរួមរៀបចំដោយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេសផង​ដែរ។

លោក សំកុល សុចិត្រា បានបន្តថា សម្រាប់ឆ្នាំ២០២៣កន្លងទៅ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នៅលើទឹកដីខេត្តសៀមរាបឡើងវិញ ដែលត្រូវនឹងខួប ១០ឆ្នាំនៃព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ដែលមានរៀបចំកម្មវិធីកម្សាន្តធំៗជាច្រើនផងដែរ។ សម្រាប់ឆ្នាំ២០២៤នេះ ដោយទទួលបានកិច្ចសហការពីរដ្ឋបាលខេត្ត និងគ្រប់ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ និងដៃគូសហការ បានរៀបចំព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ឆ្នាំ២០២៤ ក្នុងគោលបំណងឲ្យយុវជនជួបជុំ និងមហាជន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ នឹងដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនានៅខេត្តសៀមរាបផង​ដែរ។

បន្ទាប់ពីចំណាប់អារម្មណ៍របស់ Lu Qizhi តំណាងស្ថានទូតចិនប្រចាំប្រទេសកម្ពុជារួចមកលោក ហាស់ សំអាត បានលើកឡើងអំពីគោលបំណងរបស់គណៈប្រតិភូទាំង ៦ប្រទេស ដែលជាប្រទេសជាប់តាមដងទន្លមេគង្គ។ កិច្ចប្រជុំនេះ គឺដើមី្បឲ្យក្រុមប្រតិភូ បានជួយធ្វើការផ្សព្វផ្សាយព័ត៌មាន អំពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ក្នុងការរៀបចំសង្រ្កាន្តឆ្នាំថ្មីរបស់កម្ពុជា និង ធ្វើការផ្សព្វផ្សាយ អំពីល្បែងប្រជាប្រីយ៍ របាំប្រពៃណី ដែលដូនតាខ្មែរបានបន្សល់ទុក និងបានចារិកនៅតាមជញ្ជាំងប្រាង្គប្រាសាទ សំដៅក្នុងការអភិរក្ស និងថែរក្សឲ្យបានគង់វង្ស។ លោកបន្តថា ប្រទេសជាប់តាមសណ្តោយទន្លេមេគង្គ មាន ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម ដែលជាប្រទេសបានធ្វើការរៀបចំសង្ក្រាន្ត មានភាពស្រឌៀងគ្នា។ 

លោក ហាស់ សំអាត បានបញ្ជាក់ថា ដោយកត្តានេះហើយ ទើបកម្ពុជាបានរៀបចំធ្វើនូវបទបង្ហាញ អំពីការរៀបចំសង្ក្រាន្ត និងរាល់សកម្មភាពក្នុងសង្ក្រាន្ត សំដៅលើកកម្ពស់ពីវប្បធម៌ប្រពៃណីជាតិ។ ក្នុងការរៀបចំសង្ក្រាន្តនេះ ក៏មានការអញ្ជើញចូលរួម ពីក្រុមអ្នកកាសែតអន្តរជាតិមួយចំនួន បានចូលរួមធ្វើការផ្តឹតយកនូវរូបភាព សកម្មភាពនៃព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» យកទៅធ្វើការផ្សព្វផ្សាយបន្ត នៅក្នុងប្រទេស ក៏ដូចនៅលើ សកលលោក សំដៅក្នុងការទាក់ទាញនូវភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្តនៅកម្ពុជា ពិសេសនៅខេត្តសៀមរាប ដែលជាខេត្តសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌ ប្រាង្គប្រាសាទដ៏ល្អឯក ដើមី្បធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមបណ្តាប្រទេសទាំងនោះ ឲ្យបានយល់ដឹងអំពីតម្លៃនៃអរីយធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់កម្ពុជា ទាំង រូបីយ៍ និង អរូបីយ៍។

លោកបានបន្តថា ដើមី្បលើកកម្ពស់ពីវប្បធម៌ជាតិ យើងត្រូវបង្កើតនូវកម្មវិធី ជាល្បែង ប្រជាប្រិ៍យ ព្រមទាំងធ្វើការស្តារឡើងវិញនូវល្បែងប្រជាប្រីយ៍ ដែលបានបាត់បងទៅនៅក្នុងសម័យប្រល័យពូជសាសន៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ សំដៅធ្វើការអភិរក្ស និងថែរក្សឲ្យបានគង់វង្ស។ ម៉្យាងទៀត ក្រុមគណៈប្រតិភូសារព័ត៌មាន បានធ្វើការជួយផ្សព្វផ្សាយ ពីវប្បធម៌ និងសម្បត្តិវប្បធម៌ជាតិ នៃប្រាងញកប្រាសាទ ព្រមទាំងបានយលដឹងពីស្ថាន ភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងភាពរីកចម្រើនរបស់កម្ពុជា ក្រោមដំបូលសុខសន្តិភាព នៃកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា។

លោកបានបញ្ជាក់ថា ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាថា ប្រទេសចិន នឹងធ្វើការជួយផ្សព្វផ្សាយ អំពីវប្បធម៌របស់កម្ពុជា សំដៅជម្រុញនឹងទាក់ទាញដល់ភ្ញៀវទេសចរណ៍ចិន ឲ្យចូលមកកម្ពុជាកាន់តែច្រើនថែមទៀត៕