(ព្រះវិហារ)៖ រង្វង់មូលតម្កល់រូបសំណាកព្រះនរាយណ៍ និងបុស្បុកតម្កល់រូបសំណាកលោកតាឌី នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោយរៀបចំជួសជុល កែលម្អរួច ត្រូវបានរៀបចំពិធីអភិសេកតាមប្រពៃណី នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ក្រោមវត្តមាននាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ។

ពិធីនេះមានការចូលរួមពីរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

ការរៀបចំពិធីអភិសេករង្វង់មូលតម្កល់សំណាកព្រះនរាយណ៍ ស្ថិតនៅក្នុងសង្កាត់កំពង់ប្រណាក និងបុស្បុកតម្កល់រូបសំណាកលោកតាឌី ស្ថិតនៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាពេលនេះ គឺធ្វើឡើងទៅតាមទំនៀមទំលាប់ប្រពៃណីដូនតា ដោយមានការនិមន្តព្រះសង្ឃ សូត្រមន្ត ស្វាធ្យាយ ជយន្តោ និងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រេីន ពីអ្នកតាម្ចាស់ទឹក ម្ចាស់ដី ជូនដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ  និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា និយាយដោយឡែកប្រជាពលរដ្ឋខេត្តព្រះវិហារ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤នេះ ទីតាំងសំខាន់ៗមួយចំនួននៅក្នុងខេត្តព្រះវិហារ ត្រូវបានប្រែមុខមាត់ថ្មី ដូចជាបុស្បុកតម្កល់រូបសំណាកលោកតាឌី រង្វង់មូលតម្កល់រូបសំណាកព្រះនរាយណ៍ ផ្សាររាត្រី ផាប់ស្ត្រីត និងតាមផ្លូវសំខាន់មួយចំនួន ប្រកបសោភ័ណភាព និងភាពទាក់ទាញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ពិសេសដើម្បីទទួលទេវតាឆ្នាំថ្មី៕