(សៀមរាប)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ សង្កេតឃើញមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករចូលរួមលេងល្បែងប្រជាប្រិយ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ នៅខេត្តសៀមរាប។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ឆ្នាំ២០២៤នេះដែរ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំកម្មវិធីធំៗដូចជា៖ តំបន់នៅសួនច្បារព្រះរាជដំណាក់ និងតំបន់ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប រហូតដល់តំបន់ផាប់ស្រ្ទីត និងក្នុងក្រុងសៀមរាប។ ក្នុងនោះដែរ តំបន់មាត់ស្ទឹង មានកម្មវិធីជិះទូកកំសាន្ត កម្មវិធីហែរក្បួនទូក ស្តង់ពិព័រណ៍ ម្ហូបអាហារ ការប្រគុំតន្ត្រីស្គរដៃ ការសម្តែងសិល្បៈបុរាណប្រពៃណី កម្មវិធីពូនភ្នំខ្សាច់ក្នុងវត្តរាជបូណ៌ និងកម្មវិធីកំសាន្តជាច្រើនទៀតផងដែរ៕