(កណ្ដាល)៖ ការរៀបចំ «សង្ក្រាន្ដខេត្តកណ្ដាល» នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាក្រុងតាខ្មៅ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ ជាមួយនឹងការចូលរួមរបស់ប្រជាពលរដ្ឋប្រមាណជាង១ម៉ឺននាក់។ នេះបើតាមការឲ្យដឹងពី លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។

លោក ហាក់ សុខមករា ដែលដឹកនាំក្រុមការងារបាញ់ទឹក រាំលេងកម្សាន្ដជាមួយប្រជាពលរដ្ឋ ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្ដខេត្តកណ្ដាល» បានអះអាងថា ចំពោះការប្រព្រឹត្តទៅនៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំនេះ ប្រជាពលរដ្ឋបានបន្ដចូលរួមលេងកម្សាន្ដច្រើនជាងថ្ងៃទី១ ខណៈការងារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ត្រូវធានាបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ៕