(បាត់ដំបង)៖ លោក ធូ ភា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះផ្សព្វផ្សាយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋនៅតំបន់ត្រជាក់នេតយ៉ង់ ក្នុងឱកាសសង្រ្កាន្ត ថ្ងៃទី២ អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានអ្នកចូលរួមប្រមាណជាង១៥ម៉ឺននាក់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ។

ថ្លែងក្នុងនាម លោក សុខ លូ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង លោក ធូ ភា បានលើកឡើងថា តាមរយៈកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង តែងតែចូលរួមអនុវត្តខ្ជាប់ខ្ជួននូវបទបញ្ជា លិខិតបទដ្ឋាននានាបញ្ចូលខ្លឹមសារក្នុងព្រឹត្តិការណ៍បុណ្យជាតិ ដូចដែលបានកំពុងធ្វើក្នុងឱកាសបុណ្យចូលឆ្នាំដ៏សំខាន់នេះ ជាការដាស់តឿនដល់ប្រជាពលរដ្ឋទូទៅពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ដែលតម្រូវឲ្យគ្រប់គ្នាត្រូវតែរក្សាគុណភាពទំពាំង ឲ្យមានសុខភាពល្អសម្រាប់ជាធនធានបន្តវេនរបស់ប្រទេសជាតិ ទៅថ្ងៃអនាគត។

លោក ធូ ភា បានថ្លែងអំណរគុណដល់គ្រប់សមាសភាពលេខាធិការគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង វិស័យឯកជន ដែលបានចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅរក្សាបាននូវសហគមន៍ មានសុវត្ថិភាពគ្មានគ្រឿងញៀន «គ្រួសារអ្នក-ខ្ញុំគ្មានអ្នកញៀន ភូមិយើងនឹងគ្មានគ្រឿងញៀន សហគមន៍មានសុវត្ថិភាព»។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ក្រសួងសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើសកម្មភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនយ៉ាងផុលផុស៕