(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ចេញកម្លាំងនៅតាមបណ្ដាអង្គភាព និងវរសេនាតូច ដើម្បីចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនភ្ញៀវទេសចរដែលដើរលេងកម្សាន្ដ នៅតាមតំបន់សមុទ្រ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមសេចក្តីណែនាំលេខ០០៦ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីវិធានការបន្ទាន់ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស.២០២៤។

លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស បានដឹកនាំបញ្ជាដល់កងកម្លាំង នៅតាមបណ្តាអង្គភាព និងវរសេនាតូច ត្រៀមកម្លាំង និងមធ្យោបាយចំនួនសរុប១៩គ្រឿង ក្នុងការចេញល្បាតចល័ត និងឈរជើងតាមគោលដៅនានា ក្នុងភូមិសាស្រ្តខេត្តជាប់មាត់សមុទ្រ ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនដល់ថ្នាក់ដឹកនាំ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានអញ្ជើញមកលេងកម្សាន្តតាមបណ្ដាកោះ-ឆ្នេរ។

បេសកកម្មនេះ ប្រើប្រាស់នាវាល្បាត កម្លាំង១,៦០០សេះ ចំនួន១គ្រឿង, នាវាល្បាតកម្លាំង៥០០សេះ ចំនួន១គ្រឿង, អូប័រប្រដេញកម្លាំង៧០០សេះ ចំនួន៣គ្រឿង, អូប័រកម្លាំង២០០សេះ ចំនួន២គ្រឿង, អូប័រកម្លាំង១៥០សេះ ចំនួន១គ្រឿង, អូប័រកម្លាំង៨៥សេះ ចំនួន១គ្រឿង, អូប័រកម្លាំង៤០សេះ រថយន្តចំនួន៤គ្រឿង និងម៉ូតូចំនួន៦គ្រឿង៕