(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ចេញកម្លាំងអន្ដរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចូលរួមការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់របៀបរៀបរយ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់បែបនេះថា «ខ្ញុំបាទ បានបញ្ចេញកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញត្រួតពិនិត្យសភាពការតាមភូមិសាស្ត្រ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ»

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីម្សិលមិញនេះ សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវធានាបានយ៉ាងល្អប្រសើរ ដោយមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ ពោលប្រជាពលរដ្ឋអាចលេងកម្សាន្ដដើម្បីអបអរពិធីបុណ្យចូលឆ្នាំ ដោយក្ដីសប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕