(ប៉េកាំង)៖ លោកស្រីបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសម៉ុងហ្គោលី នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំរៀបចំពិធីអបអរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសម៉ុងហ្គោលី នារដ្ឋធានីប៉េកាំង។

ពីធីចូលឆ្នាំថ្មីនេះ មានការចូលរួមថ្នាក់ដឹកនាំទូត មន្ត្រីទូត និស្សិតកម្ពុជា រួមជាមួយនិស្សិតបរទេស ព្រមទាំងប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រី ប្រមាណជាង ៣០០នាក់ បានមានឱកាសជួបជុំ ប្រាស្រ័យទាក់ទងគ្នា ព្រមទាំងសាមគ្គីគ្នា ចូលរួមអបអរទទួលទេវតាឆ្នាំថ្មី បរិភោគនំបញ្ចុកខ្មែរ លេងល្បែងប្រជាប្រិយខ្មែរ ផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌កម្ពុជា នាឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នៅក្រៅប្រទេស ប្រកបដោយបរិយាកាសសប្បាយរីករាយ និងកក់ក្តៅជាទីបំផុត។

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក ស៊ូ សិទ្ធិគុណ ប្រធានសមាគមអាណត្តិទី៧ បានចូលរួមសម្របសម្រួលនិស្សិតកម្ពុជា កំពុងសិក្សានៅទីក្រុងប៉េកាំង ទីក្រុងធានជីន ព្រមទាំងនិស្សិតបរទេសមួយចំនួន ចូលរួមកម្មវីធីអបអរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ។

លោក ស៊ូ សិទ្ធិគុណ ប្រធានសមាគមនិស្សិត បានគោរពថ្លែងអំណរគុណចំពោះលោកស្រីឯកអគ្គរាជទូត ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីផ្តល់ឱកាសឱ្យនិស្សិតបានជួបជុំគ្នា ដើម្បីអបអរសាទរចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

គួរបញ្ជាក់ផងដែរថា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់រដ្ឋាភិបាលកម្ពុជា ដែលកន្លងមកដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមាននិស្សិតប្រមាណ ១២០០នាក់ កំពុងសិក្សានៅ ២៦ខេត្ត/ក្រុង ទូទាំងប្រទេសចិន។ សន្តិភាព គឺជាអំណោយរបស់រាជរដ្ឋាភិបាល ដែលប្រជាជនគ្រប់រូបគួរតែសាទរ និងដឹងគុណ។ ប្រទេសជាតិមានសុខសន្តិភាព ទើបមានការអភិវឌ្ឍ ហើយសិស្ស-និស្សិតទើបអាចទទួលបានការបណ្តុះបណ្តាល និង រៀនសូត្រទាំងក្នុង និងក្រៅប្រទេស។

ជាមួយគ្នានេះ សមាមគសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ឥតដាច់ និង គាំទ្រលើកិច្ចការសិស្ស-និស្សិតនៅក្រៅប្រទេស៕