(ភ្នំពេញ)៖ ម្ចាស់ហ្វេសបុកផេក D.W Glota Cambodia ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមកសួរនាំ ក្រោយថតវីដេអូសម្ដែង (Prank) ប្រើប្រាស់អំពើហិង្សា និងពាក្យសម្ដីមិនសមរម្យលើស្ដ្រីម្នាក់ នៅសង្កាត់ច្រាំចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ D.W Glota Cambodia និង TikTok ឈ្មោះ thmorpok បានបង្ហោះពីសកម្មភាពវាយ និងប្រើពាក្យសម្ដីអសីលធម៌ក្នុងសង្គម ដោយមានគ្នាចំនួន៧នាក់ ប្រុស៣នាក់ ស្រីចំនួន៤នាក់។

ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គរស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បានឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវលើករណីនេះ។ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយការិយាល័យជួញដូរ និងការពារអនិតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវនិងបានហៅម្ចាស់ផេក D.W Glota Cambodia មានឈ្មោះ កូប មុំ ភេទស្រី និងកូនចៅ ដែលថតសកម្មភាពវាយគ្នាបង្ហោះក្នុងបណ្តាញសង្គម មកសាកសួរនៅអធិការដ្ឋានខណ្ឌឫស្សីកែវ។

ក្រោយសមត្ថកិច្ចធ្វើការសាកសួរ និងពិនិត្យលើករណីនេះ មិនមានស្នាកស្នាមអ្វីទេជាលទ្ធផល មិនមែនជាករណីហិង្សាដោយចេតនាទេ ជាការសម្តែងធ្វើ Prank វីឌីអូដើម្បីឲ្យផេកល្បីលក់ផលិតផល។

បន្ទាប់ពីសាកសួរចប់ សមត្ថកិច្ចបានឲ្យម្ចាស់ផេក និងកូនចៅដែលសម្តែងទាំងអស់ ធ្វើកិច្ចសន្យាបញ្ឍប់រាល់សកម្មភាពទាំងឡាយណា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងផុសវីឌីអូសុំទោសជាសាធារណៈក្នុងបណ្តាញសង្គម៕