(ភ្នំពេញ)៖ សង្គ្រាន្តឆ្នាំថ្មី ឆ្នាំរោង ឆសក័ ព.ស២៥៦៨ គ.ស២០២៤ បានចូលមកដល់នៅវេលាម៉ោង២២៖២៤នាទីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដ៏រីករាយនេះដែរ ក្រុមប្រឹក្សារាជធានីភ្នំពេញ, គណៈអភិបាលរាជធានីភ្នំពេញអាជ្ញាធរសង្កាត់ ខណ្ឌ កងកម្លាំងប្រដាប់អាវុធ ក្រោមឱវាទរាជធានីភ្នំពេញ បានកំណត់យកទីតាំងរមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលជានិមិត្តរូប នៃការកកើតរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមជាមួយគណៈអភិបាល សមាជិក សមាជិការក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានអញ្ជើញអុចធូបបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី, លោកយាយពេញ សុំជួយបីបាច់ ថែរក្សាអភិបាលប្រោះព្រំដល់ប្រជាពលរដ្ឋរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់អោយមានសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យ ក្នុងគ្រប់ការងារ ក្រោមម្លប់នៃសន្តិភាព នាឆ្នាំថ្មីនេះ។

ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក៏បានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប និងជម្រះ អស់នូវគ្រោះចង្រៃអ៊ុបទ្រុបទាំងឡាយទាំងពួង ដែលកើតមានពីឆ្នាំចាស់ អោយជ្រះស្រលះ និងទទួលពរជ័យ សិរីសួរស្តី ពីទេព្តាឆ្នាំថ្មី ព្រះនាម មហោធរទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ព្រមទាំងសម្រេចបានជោគជ័យថ្មីៗថែមទៀត ក្នុងឆ្នាំថ្មីនេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្កើតសង្ក្រាន្តវត្តភ្នំ រួមទាំងការតុបតែងលំអរ ជុំវិញរមណីដ្ឋានវត្តភ្នំ, តាមដងវិថី, មហាវិថី និងកន្លែងសប្បាយភាពនានា រួមទាំងការបង្កើតឲ្យមានការលេងល្បែងរបាំប្រជាប្រិយ៍ខ្មែរ ច្រើនទំរង់ ការប្រគុំតន្រ្តី រួមទាំងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានយ៉ាងល្អ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយប្រពៃណីវប្បធម៌ជាតិដ៏ល្អផូរផង់, ការទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកំសាន្តនៅរាជធានីភ្នំពេញ និងនៅតាមបណ្តារាជធានី.ខេត្ត តាមរយៈការរៀបចំសង្គ្រាន្តប្រចាំតំបន់ ឬតាមអង្គភាព, តាមក្រុមហ៊ុន, សាលារៀន, វត្តអារាមជាដើម។

ពិធីខាងលើនេះ ក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាព រវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹកឡើងវិញនូវសមិទ្ធិផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយប្រជាពលរដ្ឋ បានកសាងឡើង ក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងទីក្រុង ទាំងសេវាសាធារណៈ, ការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់, ការលើកកម្ពស់សោភណ្ឌភាពបរិស្ថានរាជធានីភ្នំពេញផងដែរ។

ទន្ទឹមនឹងការរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយ៍មានទាញព្រ័ត្រ, លោតបាវ,ចោលឈូង,បោះអង្គុញ,លាក់កន្សែងនិងរាំលេងកំសាន្តនៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក៏មានការរៀបចំជាស្តង់លក់ទំនិញបែបអនុស្សាវរីយ៏ជាខ្មែរ ជាអាហារហូបចុកជាច្រើនមុខថែមទៀត។

លោក ឃួង ស្រេង បានលើកឡើងថា យើងបានសប្បាយរីករាយ គឺដោយសារយើងមានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់របស់ស្ថាបនិកសន្តិភាពគឺ សម្តេចតេជោ ហ៊ុន សែន និងដឹកនាំបន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ នៃរដ្ឋសភាដែលបានធ្វើឲ្យកម្ពុជា បោះជំហ៊ានទៅមុខលើគ្រប់វិស័យ ធ្វើអោយកម្ពុជាស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងចំនួន៤៥៥គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត តាមបណ្តាខេត្ត ក្រុងនានា នឹងចាំដឹកបងប្អូនមកវិញ នៅថ្ងៃទី១៧ មេសា ដោយមិនយកប្រាក់ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូន ក្នុងការធ្វើដំណើរនាឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

ក្នុងឱកាសបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៣-១៤-១៥ មេសានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗក្មួយៗជាយុវ័យសិស្សសាលា, កម្មករ កម្មការនី ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពេលបើកបរ, មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍, ចូលរួមទប់ស្កាត់ ការពារគ្រោះអគ្គិភ័យ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះភ្លើងទៀន ធូប, ចង្គ្រាន ចរន្តអគ្គិសនីជាដើម។

ក្នុងសេចក្តីអំពាវនាវដដែលនេះដែរ ក៏បានណែនាំឲ្យជៀសវាងការលេងបាញ់ទឹក, ជះទឹក, គប់ស្បោងទឹក, លាបធ្យូង ប៉ាតម្សៅ ទះ គក់ដោយដៃ ឬវាយនឹងរំពាត់ទៅលើអ្នកដំណើរ, ការជិៈម៉ូតូបង្ហោះតាមដងផ្លូវ ,ហាមដាច់ខាតការលេងល្បែងស៊ីសង ដុតផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ។ ត្រូវចូលរួមរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរស័ក្តិសម ជាកុលបុត្រ កុលធិតាខ្មែរ ប្រកបដោយគុណធម៌ និងសិលធម៌។ ពិធីបុណ្យចូលឆ្នាំថ្មី ក៏បានបញ្ជាក់ឲ្យយើងគ្រប់គ្នា បានដឹងផងដែរថា៖ អាយុរបស់យើងម្នាក់ៗ ចេះតែរំកិលទៅមុខឥតឈប់ឈរ គឺពេលវេលាមិនចាំយើងទេ។ ដូច្នេះទាមទារឲ្យបុគ្គលគ្រប់រូបប្រតិបត្តិតែ អំពើល្អ អំពើជាកុសលសម្រាប់ខ្លួន, សម្រាប់គ្រួសារ សម្រាប់អ្នកដទៃ និងសម្រាប់ សង្គមជាតិទាំងមូល ក្រោមម្លប់សន្តិភាព៕