(បន្ទាយមានជ័យ)៖ យោងតាមរ​បាយការណ៍របស់រដ្ឋ​បាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិសរុប ប្រមាណជាង១២ម៉ឺននាក់ បានទៅលេងកម្សាន្ដនៅខេត្តមួយនេះ ខណៈចំនួននេះមានការកើនឡើងប្រមាណជាង១៦ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ។

របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា សរុបចំនួនភ្ញៀវទេសចរ ១២៦,៤៨១នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ១២៥,៧១៦នាក់ ភ្ញៀវបរទេសចំនួន៧៦៥នាក់ (ភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ីនៅតំបន់ប៉ោយប៉ែត)។

តំបន់ដែលអ្នកទេចរណ៍ទៅលេងកម្សាន្ដ រួមមាន៖ សួនតេជោឈ្នះឈ្នះ, ប្រាសាទបន្ទាយឆ្មារ, អាងជើងគ្រុស, ស្ពានភ្ជាប់និស្ស័យបារាយមេបុណ្យ, ក្រុងប៉ោយប៉ែត (តំបន់ដើមពុទ្ទ្រា), អាងត្រពាំងថ្ម, វត្តភ្នំតូច, អូរខៃដន, ដុងអរញ្ញ, សួនស្នេហ៍ជនបទ និងតំបន់ផ្សេងៗ (វត្តអារាមនានាក្នុងខេត្ត)។

ក្រៅពីកម្សាន្ដនៅតំបន់ទេសចរណ៍ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានរៀបចំពិធីសង្ក្រាន្ដផងដែរ នៅថ្ងៃទី១នេះ ក្នុងនោះមានរាំលេងកម្សាន្ដ របាំត្រុដិ, ល្បែងប្រជាប្រិយ, ញាំនំបញ្ចុកសម្លខ្មែរដោយសេរី និងមានពិព័រណ៌ភូមិមួយ ផលិតមួយផងដែរ៕